(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៧ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាល​ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់-មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅទូទាំងខេត្តកំពង់ឆ្នាំង។

ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងអស់លោក-លោកស្រី សមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ៧ ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត អញ្ជើញចូលរួមជិត៧០០នាក់។

លោកបណ្ឌិត ម៉ុង ឬទ្ធី បានផ្ដាំផ្ញើសូរសុខទុក្ខពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាល សម្ដេចតែងតែគិតគូ អំពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការរបស់យើង នៅគ្រប់ទីកន្លែង ប្រកបដោយមនោសញ្ចេតនា នឹករលឹកយ៉ាងជ្រាលជ្រៅផងដែរ។

ទន្ទឹមនឹងនោះ លោកបណ្ឌិតបានកោតសរសើរ​ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានខិតខំយកអស់ពីកម្លាំង កាយចិត្តបម្រើប្រជាពលរដ្ឋ និងរក្សានូវសន្តិភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យរស់នៅប្រកបដោយភាពសុខដុមរមនា នៅគ្រប់មូលដ្ឋាន ក្រោមដំបូលសន្តិភាពនាពេលបច្ចុប្បន្ននេះ។

លោកបណ្ឌិត បានលើកឡើងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ក្នុងវិស័យកសិកម្ម លោកបណ្ឌិតក៏កំពុងតែរកដៃគូ ដើម្បីសាងសង់រោងចក្រផលិតជី ឲ្យមានគុណភាពល្អ ហើយតម្លៃសមរម្យសម្រាប់ផ្គត់ផ្គង់ដល់កសិករ ដើម្បីប្រើប្រាស់ឱ្យមានគុណភាពល្អ និងចំណាយថវិកាតិច។

លោកបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា នៅដើមឆ្នាំ២០២៦ខាងមុខនេះ កម្ពុជានឹងមានរោងចក្រផលិតជីដោយខ្លួនឯង ចំណែកឯដើមទុន ដែលគ្រោងចំណាយទៅលើរោងចក្រផលិតជីនេះផងដែរ នឹងត្រូវចំណាយអស់ជា២០លានដុល្លារ។

លោកបណ្ឌិតបានបញ្ជាក់ថា បច្ចុប្បន្នលោកបណ្ឌិត មានវ័យ៧០ឆ្នាំទៅហើយ តែដើម្បីចូលរួមបម្រើប្រជាជន លោកបណ្ឌិតត្រូវតែលះបង់គ្រប់បែបយ៉ាង បម្រើដល់ប្រជាជនយើង ឱ្យបានបានសម្រេច។

លោកបណ្ឌិតបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែមីនា ម្សិលមិញនេះ ក៏មានជនជាតិជប៉ុនមួយក្រុម បានមកជួបពិភាក្សាជាមួយលោកបណ្ឌិត ដោយពួកគេនឹងជួយបង្កើតជាមេជីធម្មជាតិសម្រាប់ជួយបង្កើនទិន្នផលផង សម្រាប់ការពារបរិស្ថានផង។ ចំណែករោងចក្រផលិតជីនេះ មិនអាចធ្វើតែមួយកន្លែងបាននោះទេ គឺត្រូវការជាច្រើនកន្លែង ពីព្រោះដើម្បីបម្រើជូនប្រជាពលរដ្ឋទូទាំងប្រទេសកុំឱ្យពិបាកដឹកឆ្ងាយ នាំឱ្យខាតបង់ថវិកាច្រើន។

លោកបណ្ឌិតបានបញ្ជាក់ថា នេះគ្រាន់តែជាការបញ្ជាក់ក្រៅផ្លូវការខ្លះៗ ដើម្បីឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងអាជ្ញាធរដែនដីបានដឹងថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គឺមិននៅស្ងៀមនោះទេ ចំពោះវិស័យកសិកម្ម គឺរាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់ខ្ពស់ទៅលើការបង្ករបង្កើនផលរបស់ប្រជាកសិករ៕