(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយលោក កែវ ពិសិដ្ឋ លោក សន សារ៉ាណ និងលោកស្រី សាន្តអរុណ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ លោក កេង ប៊ុនណា អភិបាលរងខេត្ត និងលោក ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញ ធ្វើទស្សនកិច្ចទៅកាន់សហគមន៍កសិកម្មជីរោទិ៍រុងរឿង ស្ថិតនៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី លោក វង សូត បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគណបក្សស្រុកត្បូងឃ្មុំទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការនាំយកជ័យជំនះជូនគណបក្សប្រជាជន និងផ្តល់ឱកាសជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ ជារាជរដ្ឋាភិបាល នីតិកាលទី៧។ ក្រោមការដឹកនាំរដ្ឋាភិបាលបន្តវេន បានធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនជឿនលឿន  ហើយនឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់។

លោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ។ ត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។

ជាចុងក្រោយលោក វង សូត ព្រមទាំងតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បានឧបត្ថម្ភថវិកាដល់សមាជិកសមាជិកាជាង៣០០នាក់ ក្នុងម្នាក់ៗ ថវិកា៥ម៉ឺនរៀលផងដែរ។ ចប់ប្រសាសន៍សំណេះសំណាលលោក វង សូត អនុប្រធានទី២រដ្ឋសភា ព្រមទាំងអមដំណើរ ក៏បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់សហគមន៍កសិកម្មជីរោទិ៍រុងរឿង ស្ថិតនៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អនុប្រធានទី២រដ្ឋសភា បានស្វែងយល់ពីបញ្ហាប្រឈមនានាចំពោះការដាំដុះដំណាំពោត និងបានជំរុញឱ្យប្រធានសហគមន៍ និងមន្ទីរកសិកម្មខិតខំធ្វើយ៉ាងណា ជួយពង្រីកផ្សារនិងបានណែនាំមន្ត្រីកសិកម្មឃុំ ត្រូវជួយគាំទ្របច្ចេកទេសដាំដុះដល់កសិករ។

លោកក៏បានលើកទឹកចិត្តដល់ប្រធានសហគមន៍ និងក្រុមប្រឹក្សាសហគមន៍ ឱ្យខិតខំស្វែងរកទីផ្សារសម្រាប់កសិផល និងធ្វើផែនការផលិតឱ្យបានច្បាស់លាស់ ដោយនាំយកកសិផលរបស់កសិករ ទៅដល់ទីផ្សារគោលដៅចុងក្រោយ ដើម្បីបង្កើនប្រាក់ចំណេញ និងរក្សាបាននិរន្តរភាពទីផ្សារ។ ស្របពេលជាមួយគ្នានោះ ក៏ត្រូវពង្រីកការដាំដុះដំណាំពោតឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។

នៅក្នុងឱកាសនោះលោក វង សូត និងតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានលើកទឹកចិត្តដល់បងប្អូនកសិករ ដែលជាសមាជិកសហគមន៍ បន្តបង្កបង្កើនផលតាមបច្ចេកទេសរបស់សហគមន៍ ដោយរក្សាឱ្យបាននូវសាមគ្គីភាពក្នុងសហគមន៍។ អនុប្រធានទី២រដ្ឋសភា ក៏បានឧបត្ថម្ភថវិកាដល់កសិករទាំង៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៥ម៉ឺនរៀល៕