(ភ្នំពេញ)៖ ក្នុងនាមតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនទាំងអស់ឱ្យស្រលាញ់ និងស្នេហាជាតិតាមការណែនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដោយកុំឱ្យប្រកាន់យកស្មារតីសន្តិភាពនិយមពេក។
ក្នុងឱកាសអញ្ជើញពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក លោកអភិសន្តិបណ្ឌិត អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ក.យ.គ. បានផ្តល់តម្លៃខ្ពស់ចំពោះស្មារតីស្រលាញ់ស្នេហាជាតិរបស់យុវជនជំនាន់មុន ដែលតម្រូវឱ្យយុវជនជំនាន់បន្តវេនត្រូវតែបន្តបំផុសស្មារតីជាតិនិយមនេះឱ្យខានតែបាន។
ពីសណ្ឋាគារ Garden City Hotel Phnom Penh នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត បានចាត់ទុកសកម្មភាពចូលរួមរបស់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ពេលនេះ គឺជាសក្ខីភាពបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាព នៃមហាគ្រួសារ ស.ស.យ.ក. ព្រមទាំងបានបង្ហាញអំពីការផ្ដល់តម្លៃ ការលើកកម្ពស់កិត្យានុភាព ឧត្ដមភាព និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មរបស់ ស.ស.យ.ក. ឱ្យឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមគោលបំណង និងចក្ខុវិស័យដែលបានកំណត់។
ក្នុងស្មារតីនេះ អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់លោក ហ៊ុន ម៉ានី បាននឹងកំពុងបំពេញបេសកកម្មស្នូល ដោយទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងការប្រមូលផ្ដុំយុវជននៅទូទាំងប្រទេស ដើម្បីចូលរួមក្នុងឆន្ទៈតែមួយ បេះដូងលោតក្នុងចង្វាក់តែមួយ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងអនាគតដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយចីរភាព។
ដើម្បីប្រែក្លាយកម្លាំងយុវជនឱ្យទៅជាកម្លាំងចលករប្រកបដោយសក្ដានុពលជាឆ្អឹងខ្នង និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ អភិសន្តិបណ្ឌិត ជំរុញឱ្យថ្នាក់ដឹកនាំសមាជិក សមាជិកា ក.យ.គ.ទាំងអស់ បន្តពង្រឹងកិច្ចសហការល្អជាមួយគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដើម្បីអនុវត្តផែនការសកម្មភាព ពង្រឹងសមត្ថភាពយុវជន ការរៀបចំព្រឹត្តិការណ៍សង្គមផ្សេងៗ កម្មវិធីកីឡាការកៀរគរយុវជន ឱ្យចូលរួមសកម្មភាពនានារបស់ ស.ស.យ.ក. ព្រមទាំងជំរុញ និងលើកទឹកចិត្តយុវជនឱ្យចុះឈ្មោះចូលជាសមាជិករបស់ ស.ស.យ.ក. តាមប្រព័ន្ធ UYFC App។
យោងតាមរបាយការណ៍ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានសម្រេចលទ្ធផលការងារចំនួន ៨១,៧៣% ពោលគឺខ្ពស់ជាងលទ្ធផលការងារក្នុងឆ្នាំ២០២៣ ដែលសម្រេចបានចំនួន ៧០,១៦% នៃផែនការ។
គួរបញ្ជាក់ថា អង្គសន្និបាត ក.យ.គ បានដំណើរការរយៈពេល១ថ្ងៃ តាមកម្មវិធីបានគ្រោងទុក ដោយមានការចូលរួមយ៉ាងសកម្ម និងផុលផុសពីសំណាក់សមាជិក សមាជិកាជាង ៥០០នាក់ ដែលជាការប្រមូលផ្ដុំបញ្ញវន្តមកពីគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈ ចំនួន១៤៥ ទូទាំងប្រទេស៕