(ឧត្តរមានជ័យ)៖ ខេត្តឧត្តរមានជ័យទទួលបានជ័យលាភី ODF ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក គឺភូមិចំនួន៣០៨ ឃុំចំនួន១៩ សង្កាត់៥ ក្រុងចំនួន១ ស្រុកចំនួន០៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ODF ទាំងស្រុង។ នេះបើតាមលទ្ធផល នៃអង្គសិក្ខាសាលាមួយដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានឆ្លុះបញ្ចាំងស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោ បង់ពាសវាលពាសកាល ដោយខេត្តឧត្តរមានជ័យទទួលបានជ័យលាភីODF។

អង្គសិក្ខាសាលានាពេលនេះមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត យឹម ជុង រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងលោក គង់ គន្ធារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត ព្រមទាំង លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ទាំង៥ ក្រុមការងារចុះផ្ទៀងផ្ទាត់ODFនៃក្រសួងអភិវឌ្ឍន៍ជនបទ និងលោកមេឃុំ ចៅសង្កាត់ទាំង២៤ លោកលោកស្រីតំណាងអង្គការដៃគូនានាក្នុងខេត្តឧត្តមានជ័យជាច្រើនរូបទៀត។

លោក គង់ គន្ធារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានសំដែងនូវសេចក្តីសោមនស្សរីករាយជាអនេកនិងថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកវេជ្ជបណ្ឌិត យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទូទាំងខេត្តឧត្តមានជ័យនាពេលនេះ។

អភិបាលរងខេត្តឧត្តរមានជ័យ បានបន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំរដ្ធបាលខេត្ត លោកពិតជាមានមោទនភាព និងសូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ (PWG) ជាពិសេសលោក ហេង សុខអេង ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួម សហការឧបត្ថម្ភគាំទ្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឱ្យសម្រេចបានការបញ្ចប់បន្ទោបង់ពាសវាលពាសកាលក្នុងខេត្តឧត្តរមានជ័យប្រកបដោយភាពជោគជ័យយ៉ាងល្អប្រសើរនាពេលកន្លងមក។

ឆ្លៀតនៅក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងលើកឡើងថា សិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខេត្តឧត្តរមានជ័យ ពីព្រោះជាការវិនិច្ឆ័យពីភាព ត្រឹមត្រូវ ស្របតាមគោលការណ៍ណែនាំនិងលក្ខណៈបច្ចេកទេសសមជាខេត្តគួរទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិត(ODF)ពិតប្រាកដណាស់។

លិករដ្ឋលេខាធិការថ្លែងបញ្ជាក់ទៀតថា លទ្ធផលទទួលបានជោគជ័យនាពេលនេះ កើតចេញពីការជឿជាក់លើការដឹកនាំនៅគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ គឺមានការឯកភាពផ្ទៃក្នុងមានកិច្ចសហការគ្នាល្អមានស្មារតីទទួលខុសត្រូវខ្ពស់មានឆន្ទៈមោះមុតដើម្បីសេចក្តីថ្លៃថ្នូរកិត្តិយសជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការកាត់បន្ថយការចំណាយទៅលើថ្លៃព្យាបាលជំងឺដែលបណ្ដាលមកពីកង្វះអនាម័យផងដែរ៕