(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានប្តេជ្ញាបង្កើនការត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយ និងធានាផ្តល់ព័ត៌មានឱ្យទាន់ពេលវេលា និងគួរឱ្យទុកចិត្តបានទៅដល់ប្រជាជនដែលងាយរងគ្រោះបំផុត ជាពិសេស ការពង្រឹងប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ។

ការប្តេជ្ញាចិត្តបែបនេះ របស់លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានធ្វើឡើងក្នុងកម្មវិធីអបអរសាទរ «ទិវាទឹក និងឧតុនិយមពិភពលោក» ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីវាគ្មិន មកពីក្រសួងធនធានទឹក និងឧតុនិយម , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តិន៍, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ក្នុងនោះក៏មានការចូលរួមពីសិស្សនិស្សិតជាច្រើនរូបផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ទិវាទឹក និងឧតុនិយមពិភព លោក» ឆ្នាំ២០២៥នៅកម្ពុជានេះ នឹងក្លាយជាកម្លាំងចលករ និងជាការពញ្ញាក់ស្មារតីសម្រាប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ សាស្ត្រាចារ្យ និស្សិត និងអ្នកចូលរួមទាំងអស់ ក្នុងការបន្តកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចូលរួមពង្រឹងការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម នៅកម្ពុជាឱ្យកាន់តែរីកចម្រើនទ្វេដង។

កម្មវិធី៖ «ទិវាទឹក និងឧតុនិយមពិភពលោក» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាទឹកនិងឧតុនិយម ជាពិសេសក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងភាពធន់នឹងគ្រោះមហន្តរាយ, បង្ហាញពីតួនាទីរបស់ជលសាស្ត្រនិងឧតុនិយម ក្នុងការគ្រប់គ្រងទឹកប្រកបដោយ ចីរភាព និងការប្រកាសព័ត៌មានឱ្យដឹងមុន, ពង្រឹងភាពជាដៃគូក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាលស្ថាប័នស្រាវជ្រាវ អង្គការ មិនមែន រដ្ឋាភិបាល វិស័យឯកជន និងសហគមន៍មូលដ្ឋាន, ជំរុញកិច្ចពិភាក្សាគោលនយោបាយស្តីពីសន្តិសុខទឹក ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, រំលេចដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងការអនុវត្តល្អបំផុតក្នុងការគ្រប់គ្រង ទឹក ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ។

លើសពីនេះក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តតាមគោលនយោបាយទឹករបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម យកចិត្តទុកលើកិច្ចការប្រើប្រាស់ធនធានទឹកដែលមានស្រាប់ឱ្យអស់សក្តានុពល និងសន្សំសំចៃ,ពង្រីកវិសាលភាពអាងស្តុកទឹកសម្រាប់បម្រើឱ្យពហុវិស័យ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ,ប្រែក្លាយប្រព័ន្ធធារាសាស្រ្តឱ្យមានលក្ខណៈពេញលេញ និងទំនើប, ពង្រឹងសេវាឧតុនិយម និងប្រព័ន្ធប្រកាសអាសន្នជាមុន,ពង្រឹងធនធានមនុស្សផ្នែកធារាសាស្រ្ត ឧតុនិយម និងជលសាស្រ្ត,រៀបចំ និងធ្វើទំនើបកម្មមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យទឹក និងឧតុនិយម,ពង្រឹងការសិក្សាស្រាវជ្រាវវិស័យធនធានទឹករួមមានទឹកលើដី និងទឹកក្រោមដី,បង្កើត និងពង្រឹងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យធនធានទឹក និងឧតុនិយម។

សូមជម្រាបជូនថា ទិវាទឹក និងឧតុនិយមពិភពលោក បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍ដែលត្រូវ បានទទួលស្គាល់ជាសកល ដើម្បីបង្ហាញពីសារសំខាន់នៃធនធានទឹក និងសេវាឧតុនិយម ក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាព កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងភាពធន់នឹងអាកាសធាតុ និងដើម្បីគាំទ្រ ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦៖ ទឹក និងអនាម័យសម្រាប់ទាំងអស់គ្នានៅឆ្នាំ២០៣០។

នៅឆ្នាំ២០២៥ ទិវាទឹកពិភពលោក ប្រារព្ធឡើងក្រោមប្រធានបទ «ការការពារ ផ្ទាំងទឹកកក» និង ប្រធានបទសម្រាប់ទិវាឧតុនិយមពិភពលោកគឺ «ការបិទបញ្ចប់គម្លាតទទួលបាន ការប្រកាសព័ត៌មានឱ្យដឹងជាមុនរួមគ្នា» ដើម្បីធានានូវធនធានទឹកដ៏សំខាន់សម្រាប់អនាគត និងដើម្បី បង្កើនភាពធន់នឹងបាតុភូតអាកាសធាតុ និងការពារសហគមន៍ទាំងអស់នៅទូទាំងពិភពលោក៕