(សៀងហៃ, ចិន)៖ ក្រោយបញ្ចប់បេសកកម្មនៅក្រុងចឹងចូវ ខេត្តហ៊ឺណាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូ បាន​បន្ត​​ដំណើរទៅកាន់ទីក្រុងសៀងហៃ ដើម្បីកៀរគរ បញ្ចុះបញ្ចូល និងផ្សព្វផ្សាយ​សក្តា​នុពលវិនិយោគនៅកម្ពុជា ដល់អ្នកវិនិយោគនៅទីក្រុងសៀងហៃ។

ដំណើរអញ្ជើញដល់ក្រុងសៀងហៃ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹក​នាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ជួបពិភាក្សាការងារជាមួយសហគ្រាស Geoharbour Construction Group, សហគ្រាស Penyao Environmental Protection, និងសហ​គ្រាស Tri-Wall (Shanghai) Packaging Technology ក្នុងគោល​បំណង​សិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ និងពិនិត្យលទ្ធភាពទាក់ទាញ​ឱ្យមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ​តំណាងសហ​គ្រាស​ទាំង៣ ដែលបានអញ្ជើញមកជួបពិភាក្សាការងារជាមួយ​គណៈប្រតិភូ​កម្ពុជា​នាឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគមកកាន់ទីក្រុង​សៀង​ហៃនេះ។ ក្នុងជំនួបទាំងបីនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាប​ជូនអំពីបច្ចុប្បន្នភាពថ្មីៗនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាស្ថានភាព​នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយ​គតិ​បណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តល់ការ​ពិគ្រោះយោបល់ជូនដល់ភាគីក្រុមហ៊ុន ដោយផ្តោតសំខាន់លើទិដ្ឋភាព​គោល​នយោបាយ និងបច្ចេកទេសនានា សំដៅធានាឱ្យបានថា វិនិយោគិន​នឹង​ទទួល​បានព័ត៌មានដែលមានពិតប្រាកដច្បាស់លាស់ និងគ្រប់ជ្រុង​ជ្រោយ​ដើម្បីបានជាមូលដ្ឋានដល់ការសិក្សាសមិទ្ធិលទ្ធភាពឈានឆ្ពោះ​សម្រេចបាននូវការបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ។

សូមបញ្ជាក់ថា សហគ្រាស Geoharbour Construction Group គឺជា​ក្រុមហ៊ុនដែលមានមុខសញ្ញាវិនិយោគលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ប្រតិបត្តិការរបស់អាកាសយានដ្ឋាន, កំពង់ផែ, ថាមពលដើរដោយ​ពន្លឺព្រះអាទិត្យ និងសួនឧស្សាហកម្ម។ ដោយឡែកសហគ្រាស Penyao Environmental Protection គឺជាក្រុមហ៊ុនដែលមានមុខសញ្ញា​វិនិយោគ​លើការសាងសង់ និងប្រតិបត្តិការលើអាងប្រព្រឹត្តកម្ម, គ្រប់គ្រងកាក​សំណល់, និងទឹកស្អាត។ ចំណែក សហគ្រាស Tri-Wall (Shanghai) Packaging Technology គឺជាក្រុមហ៊ុនដែលមានមុខ​សញ្ញាវិនិយោគ​លើការវេចខ្ចប់គ្រឿងបង្គុំ និងបំណែកយានយន្ត៕