(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៥ ក្រោមប្រធានបទ «ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ! ការអប់រំកសាងពលរដ្ឋប្រកបដោយមនសិការ និងមានបំណិន ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពលោក» និងមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំអង្គទូត មន្ត្រីរាជការ គ្រូបង្រៀន សិស្ស និស្សិត សរុបជាង ១៦០០នាក់។

ថ្លែងក្នុងឱកាសនេះលោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់តាមរយៈការប្រារព្ធទិវាអន្តរជាតិនេះ នូវការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសាមគ្គីភាពយ៉ាងស៊ីជម្រៅជាមួយពិភពនៃភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះជាតិសាសន៍ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍន៍ និងអនាគតនៃភាសាបារាំង។ ទន្ទឹមនឹងនេះភាសាបារាំងក៏ជាឧបករណ៍សម្រាប់ទទួល និងផ្សព្វផ្សាយចំណេះដឹង ការទំនាក់ទំនងរបស់មនុស្សជាតិ ការបើកឱកាសសម្រាប់សកលលោក រួមទាំងការផ្តល់ឱកាសដើម្បីផ្លាស់ប្តូរការគិត ការផ្សព្វផ្សាយ និងការកសាងអនាគតរួមគ្នាប្រកបដោយសាមគ្គីភាព សេរីភាព និងការគោរពគ្នាទៅវិញទៅមក។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានរំលេចផងដែរថា កម្ពុជាមានមោទនភាពក្រៃលែងនៅលើឆាកអន្តរជាតិ តាមរយៈការគាំទ្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងការទទួលរៀបចំ​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនេះជាព្រឹត្តិការណ៍អន្តរជាតិធំលើកទីពីរ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោយរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ពីត្រូវបានរៀបចំឡើង​ជាលើកទី១ ក្នុងឆ្នាំ១៩៩៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ជាមួយគ្នានេះលោក Jacques PELLET បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី គឺជាការបង្ហាញពីថាមពល ភាពច្នៃប្រឌិត ព្រមទាំងវប្បធម៌ដ៏សម្បូរបែបផ្សារភ្ជាប់នឹងភាសាបារាំង​តាមរយៈអក្សរសិល្ប៍ តន្ត្រី និងសិល្បៈយ៉ាងល្អឥតខ្ចោះ។ ការសិក្សាភាសាបារាំង គឺជាជម្រើសដ៏ប្រសើរមួយ ជាភាសាអនាគតសម្រាប់យុវជនក្នុងការសិក្សាស្វែងយល់ឯកសារនានាជាភាសាបារាំង និងជាឱកាសសម្រាប់ពួកគេ​ក្នុងការបន្តការសិក្សា​នៅតាមបណ្ដាប្រទេសហ្វ្រង់កូហ្វូន ក្នុងនោះនិស្សិតរាប់ពាន់នាក់បានបន្តការសិក្សាជំនាញឯកទេសផ្សេងៗ នៅប្រទេសបារាំងរួមមាន ផ្នែកវេជ្ជសាស្ត្រ ស្ថាបត្យកម្ម ច្បាប់ វិស្វកម្ម ភាសា ជាដើម។

ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី នាឱកាសនេះគឺជាការបង្ហាញនូវឧត្តមភាពរបស់ប្រទេសកម្ពុជា ដែលនឹងត្រូវក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខ។ លោកបានគូសបញ្ជាក់បន្ថែមថា ហ្វ្រង់កូហ្វូនីផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងជាប្រវត្តិសាស្រ្តរួមគ្នានៃប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យបានរឹងមាំបន្តទៅទៀត។

គួរបញ្ជាក់ផងដែរថា ទិវាអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាព្រឹតិ្តការណ៍ដ៏សំខាន់ក្នុងការបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា ដោយសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជា ស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមជាមួយគ្រឹះស្ថានសិក្សាប្រើប្រាស់ភាសាបារាំង តាមរយៈការសម្ដែងទស្សនីយភាពនានា រួមមាន៖ របាំប្រជាប្រិយ ចម្រៀងសម័យ និងការសម្ដែងរឿងខ្លី ជាភាសាបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕