(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា សហការគ្នារៀបចំសិក្ខាសាលាស្តីពី «ការផ្សារភ្ជាប់រវាងវិធីសាស្ត្របែបប្រពៃណី និងការច្នៃប្រឌិតថ្មី៖ ដំណោះស្រាយវិបត្តិអាកាសធាតុតាមរយៈការគ្រប់គ្រងទឹក» ដើម្បីគាស់កកាយឱ្យឃើញនូវគោលនយោបាយ គ្រប់គ្រងទឹករបស់អាណាចក្រខ្មែរ ដែលបានបន្តជាមរតករហូតដល់បច្ចុប្បន្ននេះ ហើយអ្វីដែលសំខាន់មួយទៀត នាថ្ងៃទី២២ មីនា ស្អែកនេះ គឺទិវាទឹកពិភពលោក (World Water Day)។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា, លោក គឹម ឆុន ស៊ូ (KIM Hyun-Soo) អនុប្រធានទី១ តំណាងស្ថានទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា, លោកបណ្ឌិត អាន ពេជ្រហត្ថដា រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម, លោកសាស្រ្តាចារ្យ ម៉ូ យ៉ុងហាន់ សាស្រ្តាចារ្យនៃសកលវិទ្យាល័យជាតិសអូល, តំណាងអង្គទូតនានា លោកសាស្រ្តាចារ្យបណ្ឌិត ជាវាគ្មិនជាតិ និងអន្តរជាតិ។

លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ក្រុមការងារជំនានរបស់កម្ពុជា និងកូរ៉េ បានរួមគ្នាបង្កើតឡើងនូវមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជា្រវទឹកភ្លៀង ហើយបានសហការរៀបចំគម្រោង ស្ដីពីការកសាងសាលារៀនទឹកភ្លៀងប្រកបដោយភាពធន់នឹងអាកាសធាតុ នៅតំបន់ទន្លេមេគង្គ ដោយទទួលបានការគាំទ្រពីមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ (Mekong-Korea Cooperation Fund) សម្រាប់រយៈពេល២ឆ្នាំ (២០២៥ ដល់ ២០២៦)។

«ជាមួយគ្នានេះ យើងកំពុងស្វែងរកថវិកាពីស្ថាប័នអន្តរជាតិដទៃទៀត ដើម្បីឈានដល់គោលដៅសម្រេចឱ្យបាន ១០០០សាលារៀន នៅទូទាំងប្រទេសកម្ពុជា ដើម្បីរួមចំណែកទៅក្នុងគោលនយោបាយបង្កើតសាលារៀនគំរូ របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការផ្ដល់ប្រភពទឹកស្អាតពីទឹកភ្លៀង ដល់លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ហើយមាតាបិតាសិស្សនៅតាមសហគមន៍ ក៏នឹងទទួលបានអត្ថប្រយោជន៍នេះដូចគ្នាដែរ»។ នេះបើតាមលោកបណ្ឌិត យង់ ពៅ។

លោកបណ្ឌិត យង់ ពៅ ជឿជាក់ថា តាមរយៈសិក្ខាសាលានេះនឹងរួមបញ្ចូលគតិបណ្ឌិតក្នុងការគ្រប់គ្រងទឹកបែបប្រពៃណី និងបច្ចេកវិទ្យាទំនើប ព្រមទាំងផ្ដល់ការអប់រំតាមសហគមន៍ ដើម្បីជាធាតុចូលសម្រាប់ជំរុញប្រែក្លាយសាលារៀនតាមសហគមន៍ ទៅជាសាលារៀនគំរូ សម្រាប់ការប្រើប្រាស់ទឹកប្រកបដោយចីរភាព និងការបន្ស៊ាំអាកាសធាតុ។ តាមរយៈសិក្ខាសាលានេះ អ្នកជំនាញមកពីប្រទេសកម្ពុជានិងកូរ៉េ នឹងចែករំលែកបទពិសោធន៍ ដែលបានអនុវត្តដោយជោគជ័យក្នុងការគ្រប់គ្រងទឹកតាមបែបប្រពៃណី និងយុទ្ធសាស្ត្រសម្រាប់ពង្រីកការអប់រំដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិតសភាកម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី«ការកសាងសាលារៀនទឹកភ្លៀងចំនួន១០០០ នៅប្រទេសកម្ពុជា»។

គម្រោងនេះ រៀបចំឡើងក្នុងគោលបំណង៖ (១) សហការសាងសង់សាលាទឹកភ្លៀងចំនួន ១,០០០សាលា ដើម្បីជួយដោះស្រាយនូវវិបត្តិអាកាសធាតុ និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ (២). កែតម្រូវនៃការយល់ខុសជាសាធារណៈអំពីទឹកភ្លៀង ដោយផ្តល់ការអប់រំ និងបណ្តុះបណ្តាល បច្ចេកទេសដល់វិស្វករ សាធារណជន និងសិស្សានុសិស្ស (៣). ណែនាំការច្នៃប្រឌិតនូវ បច្ចេកទេសល្អៗ និងសាមញ្ញ ដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមក្នុងការបង្កើតប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់ផឹកដោយផ្អែកលើសហគមន៍នៅក្នុងប្រទេសកម្ពុជា (៤). ប្រមូលផ្តុំ និងចែករំលែកនូវចំណេះដឹងអំពីអាកាសធាតុជាសកល ជាពិសេសការរួមបញ្ចូលគ្នានូវបទពិសោធន៍ពីប្រទេសកម្ពុជា និងប្រទេសកូរ៉េ ជាមួយនឹងបច្ចេកវិទ្យាទំនើប និង(៥). បង្កើតបណ្តាញសាលាទឹកភ្លៀងអន្តរជាតិនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវទឹកភ្លៀង និងមជ្ឈមណ្ឌលគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពនៃសាកលវិទ្យាល័យជាតិសេអ៊ូល៕