(សៀងហៃ, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ លោក​ឧបនា​យករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និងសមា​គម​ឧកញ៉ាកម្ពុជា ធ្វើទស្សនកិច្ចការងារទៅកាន់ទីស្នាក់ការ​ក្រុមហ៊ុន Shang​hai Hantang Shipping Co., Ltd.។ ទស្សនកិច្ចនេះ មានគោលបំណង​សិក្សា​ស្វែងយល់​អំពី​មុខ​សញ្ញាវិនិយោគ និងពិនិត្យលទ្ធភាពទាក់​ទាញឱ្យ​មកបោះទុនវិនិយោគ​នៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់​ពី​សំណាក់ លោក Jason Fan នាយកប្រតិបត្តិក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. និងសហការី។ លោកនាយកប្រតិបត្តិ បាន​សម្តែងក្តីសោមនស្សចំពោះគណៈប្រតិភូ ដែលបានឆ្លៀតពេលវេលា​អញ្ជើញ​មកធ្វើទស្សនកិច្ចមកកាន់ក្រុមហ៊ុនរបស់លោកនាឱកាសនេះ។

លោកនាយកប្រតិបត្តិ បានពិពណ៌នាអំពីសាវតាររបស់ក្រុមហ៊ុន ក៏ដូចជា​វឌ្ឍនភាពថ្មីៗនៃប្រតិបត្តិការរបស់ខ្លួន។ ស្របគ្នានេះដែរ លោក Jason ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកផែនការវិនិយោគរបស់ខ្លួនមកកាន់កម្ពុជា តាមរយៈការរចនានាវាចរណ៍ពហុបំណង, ការនាំចេញនាវាពីសៀង​ហៃ​ចូលមកទីផ្សារកម្ពុជា, ការធ្វើស្ថាបនូបនីយកម្មក្រុមហ៊ុនក្រោមរូប​ភាពភាគ​ហ៊ុនិក និងការបោះទីតាំងផលិតនាវាជាដើម។

ជាការឆ្លើយតបឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះ​ការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជូនចំពោះគណៈប្រតិភូកម្ពុជានាឱកាសនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ជូនចំពោះភាព​រីក​លូតលាស់របស់ក្រុមហ៊ុន ដែលគួរយកជាករណីសិក្សា។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកនាយកប្រតិបត្តិ និងសហការី ពិនិត្យលទ្ធភាព និងឱកាសមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាឈ្វេង​យល់​បន្ថែមពីបរិយាកាសវិនិយោគ និងធុរកិច្ច សំដៅពង្រឹង និងពង្រីកមុខ​សញ្ញា​វិនិយោគរបស់ខ្លួនបន្ថែមទៀត តាមរយៈការច្បាមយកឱកាសវិនិយោគ​លើវិស័យដែលមានសក្តានុពល និងស្របតាមឯកទេសរបស់ក្រុមហ៊ុនផ្ទាល់៕