(សៀងហៃ, ចិន)៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានដឹកនាំ​គណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគម​ឧក​ញ៉ាកម្ពុជា ចូលរួម​វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលរៀបចំឡើង​ដោយ​​សម្ព័ន្ធ​ភស្តុ​ភារ​កម្មសកល។ វេទិកានេះរៀបចំឡើង ក្នុងគោលបំណង​ផ្សព្វ​ផ្សាយអំពីសក្តានុពល និងកាលានុវត្ត​ភាព​វិនិ​យោគនៅកម្ពុជា ជូនដល់​សហគមន៍​ធុរកិច្ចដែលមានមូលដ្ឋាន​នៅទីក្រុង​សៀងហៃ។

ថ្លែងក្នុងវេទិកានោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវ​សេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសក្តានុពលវិជ្ជមាននានា​របស់កម្ពុជា ដែលជាអំណោយផលខ្ពស់សម្រាប់ការវិនិយោគមានជាអាទិ៍ ១) សុខសន្តិភាព ស្ថិរភាពនយោបាយ, ២) ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​ដែលមាន​លំនឹងវិជ្ជមាន, ៣) កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត និងបើក​ទូលាយ​ទទួលយកការបណ្តុះបណ្តាលថ្មីៗ, ៤) រាជរដ្ឋាភិបាលដែលគាំទ្រ​ដល់​វិស័យឯកជន, ៥) របបវិនិយោគដែលមានភាពទាក់ទាញ បត់បែន និងអនុ​គ្រោះ, ៦) ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យ​កាន់​តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា និង ៧) ទីតាំងភូមិសាស្ត្រ​ដែលមាន​អំណោយផលខ្ពស់។

តាមរយៈវេទិកានេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយម​យ៉ាង​មុតមាំថា វិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួម នឹងពិនិត្យ​លទ្ធ​ភាព ​និងឱកាសអញ្ជើញសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជា​ផ្សព្វ​ផ្សាយបន្តនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា​ទៅកាន់​សហគមន៍ធុរកិច្ចទីក្រុងសៀងហៃឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។

សូមជម្រាបជូនផងដែរថា ឆ្លៀតឱកាសនៃវេទិកាខាងលើ លិខិតសម្តែង​បំណងស្តីពីកិច្ចសហប្រតិបត្តិការរៀបចំកម្មវិធីជំរុញ និងទាក់ទាញវិនិយោគ​រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្ព័ន្ធភស្តុភារកម្មសកល ត្រូវបានចុះ​ហត្ថ​លេខាក្រោមសក្ខីភាពរបស់លោក ស៊ុន ចាន់ថុល៕