(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាមនិកាយកនអ៊ីម៉ាំសាន់ នៅវិហារកែវស ស្ថិតនៅភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីឧកញ៉ាឃ្នួរ ម៉ាត់ សារ មេដឹកនាំសាសនាឥស្លាម ក្រុមកនអ៊ីម៉ាំសាន់ និងក្រុមការងារ​ចុះមូលដ្ឋាន​ស្រុកកំពង់ត្រឡាច រួមជាមួយរដ្ឋបាលភូមិ-ឃុំអូរឫស្សីជាច្រើនរូប។

ក្នុងឱកាសជួបសំណេះសំណាលនេះលោកបណ្ឌិត ហ៊ឺ វីរៈ បានកោតសរសើរចំពោះបងប្អូនខ្មែរឥស្លាម ដែលមានសាមគ្គីភាព និងតែងតែប្រារព្ធពិធីបុណ្យសាសនាបានយ៉ាងខ្ជាប់ខ្ជួន និងជាពិសេសបាន​បណ្តុះគំនិតអប់រំ​ទៅដល់យុវជនជំនាន់ក្រោយៗទៀតឱ្យខិតខំសិក្សា រៀនសូត្រ គោរពប្រតិបត្តិសាសនាបានយ៉ាងល្អក្រោមការទូន្មាន ប្រៀនប្រដៅពីសំណាក់កឹម អ៊ីម៉ាំ និងគណៈគ្រប់គ្រងវិហារតាំងតែពីក្មេង។

សូមបញ្ជាក់ជូនផងដែរថាសាសនិកខ្មែរឥស្លាមនិកាយកនអ៉ីម៉ាំសាន់ ឬចម្ប៉ានី មាននៅក្នុងខេត្តចំនួន ៣នៃប្រទេសកម្ពុជា មាននៅខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ និងខេត្តបាត់ដំបង សរុបប្រមាណជាងបីម៉ឺននាក់ ដែលមានឧកញ៉ាឃ្នួរ ម៉ាត់ សារ ជាអ្នកដឹកនាំ។ ក្នុងអំឡុងពេលបួសសាសនិកទាំងចាស់ទាំងក្មេងនាំគ្នាទៅវិហារនៅពេលយប់ដើម្បីថ្វាយបង្គុំចំនួន ៣០យប់។ ចំពោះស្ត្រីវិញ នាំគ្នារៀបចំនំនែកទូល​ទៅវិហារ​ពេលយប់សម្រាប់ហូបរួមគ្នាក្រោយពេលថ្វាយបង្គុំ។

រីឯពេលថ្ងៃវិញ គ្រប់គ្នាបួសតមអាហារ តែចំពោះអ្នកដែលមិនអាចតមអាហារក៏ត្រូវសង្រួមចិត្តគំនិតឱ្យជ្រះថ្លា និងស្ងប់បំផុតតាមដែលធ្វើទៅបាន។ សម្រាប់ចាម្ប៉ានី ការសង្រួមចិត្តជាកត្តាសំខាន់ណាស់ ហើយបើកាលណាមិនអាចសង្រួមចិត្តបាន នោះគេរាប់ថាបួសតមអាហារនឹងក្លាយជាអសាបង់ឬដាច់បួស នៅពេលណាដាច់បួស ត្រូវតែបួសសងវិញ។

ក្នុងឱកាសនោះលោកបណ្ឌិត បានរៀបចំពិធីពិសារអាហារស្រាយបួសជូនដល់សាសនិកខ្មែរឥស្លាមទាំងអស់ផងដែរ។ ក្រៅពីរៀបចំអាហារលោកបណ្ឌិត រួមជាមួយក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោកអភិបាលស្រុកកំពង់ត្រឡាច និងលោកមេឃុំ បានឧបត្ថម្ភថវិកាមួយចំនួនដល់វិហារកនអ៊ីម៉ាំសាន់ នៅឃុំអូរឫស្សី និងឃុំឈូកសចំនួន ៦វិហារ ក្នុងនោះមានវិហាចាន់គៀក វិហារអណ្ដូងស្លា វិហារអូរឫស្សី វិហារអណ្ដូងទ្រមូង វិហារសំបូរ និងវិហារស្រែសារ ដើម្បីចូលរួមចំណែកក្នុងការធ្វើពិធីស្រាយបួសនៅតាមវិហារនីមួយៗ៕