(កណ្តាល)៖ ដើម្បីចូលរួមលើកកម្ពស់ការអនុវត្តទំលាប់ល្អ ផ្នែកអនាម័យ និងប្រើប្រាស់ទឹកស្អាត ព្រមទាំងលើកទឹកចិត្តឱ្យប្រជាបលរដ្ឋបន្តនូវទំលាប់ប្រតិបត្តិ អនាម័យ និងប្រើប្រាស់ទឹកស្អាតជាប្រចាំ អង្គការវ័តធឺអេតកម្ពុជា និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានរៀបចំការប្រកួតប្រជែងគ្រួសារគំរូ មានអនាម័យបរិស្ថានស្អាត និងប្រើប្រាស់ទឹកមានសុវត្ថិភាព ហើយឆ្លងតាមរយៈនិតិវិធីវាយតម្លៃជាបន្តបន្ទាប់ បានរកឃើញពលរដ្ឋ ១២៥គ្រួសារ ក្នុងចំណោម ៦៧០គ្រួសារ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទទួលជ័យលាភីលើការប្រកួតនេះ។
ដើម្បីជាការចូលរួមអបអរសាទរគ្រួសារគំរូផ្នែកប្រតិបត្តិ ទំលាប់អនាម័យ និងប្រើប្រាស់ទឹកស្អាតនេះ អង្គការវ័តធឺអេតកម្ពុជា និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរ និងប្រគល់ប័ណ្ណសរសើរជូន ដែលពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ហឿន ទ្រី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល និងមានការចូលរួមពីលោកស្រី ឡុង ណាវី អភិបាលរងស្រុកខ្សាច់កណ្តាល ទទួលបន្ទុកទឹកស្អាត និងអនាម័យ រួមទាំងមានប្រជាពលរដ្ឋចូលរួមជាច្រើនទៀត។
គួរបញ្ជាក់ដែរថា សម្រាប់និតិវិធីវាយតម្លៃគ្រួសារគម្រូ បានធ្វើឡើងដោយសុក្រិត និងតម្លាភាព ខណៈនៅទូទាំងស្រុកខ្សាច់កណ្ដាល មានប្រជាពលរដ្ឋប្រមាណ ៦៧០គ្រួសារដែលបានដាក់ពាក្យមកប្រកួតប្រជែងកម្មវិធីមួយនេះ ខណៈអង្គការវ័តធឺអេតកម្ពុជា និងមន្ទីអភិវឌ្ឍន៍ជនបទខេត្តកណ្តាល វាយតម្លៃលទ្ធផលគ្រួសារគំរូជាប់ជាជ័យលាភីចំនួន ១២៥គ្រួសារតែប៉ុណ្ណោះ។
នាឱកាសនោះលោក ហឿន ទ្រី បានឱ្យដឹងថា វិស័យទឹកស្អាត និងអនាម័យ គឺជាវិស័យមួយដែលមិនអាចខ្វះបាន ហើយវាក៏ជាគោលនយោបាយរបស់ប្រមុខរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបទៅដោយចីវរភាព។ បច្ចុប្បន្នមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានធ្វើការសហការជាមួយអង្គការដៃគូរអភិវឌ្ឍន៍នានា ដើម្បីជម្រុញឱ្យគ្រប់ខ្នងផ្ទះនានានៅទូទាំងប្រទេសកម្ពុជាមានបង្គន់អនាម័យ និងមានទឹកស្អាតប្រើប្រាស់គ្រប់ខ្នងផ្ទះ។
បន្ថែមពីនេះលោក ហឿន ទ្រី បានបន្ថែមទៀតថា ក្នុងពេលឆាប់ៗខាងមុខនេះ ខេត្តកណ្តាល និងរៀបចំពិធីប្រកាសជាខេត្តដែលទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាលកាលកម្រិតខ្ពស់ ODF+ ក្រោយពីប្រជាពលរដ្ឋមានការយល់ដឹងច្រើនខាងផ្នែកអនាម័យនេះ តែទោះយ៉ាងណាក៏នៅមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់មានការយល់ដឹងទៅលើការរក្សាអនាម័យនៅក្នុងគ្រួសារ និង ប្រើប្រាស់ទឹកស្អាតនេះនៅឡើយទេ។
លោកស្រី ឡុង ណាវី បានឱ្យដឹងដែរថា កម្មវិធីគ្រួសារក្រីក្រគំរូ ផ្នែកទឹកស្អាត និងអនាម័យ បង្កើតឡើងក្នុងគោលបំណង ដើម្បីធ្វើការជម្រុញលើកទឹកចិត្តទៅដល់គ្រួសារ ឬខ្នងផ្ទះដែលខិតខំផ្លាស់ប្តូរឥរិយាបទតមារយៈបង្កើតទម្លាប់ល្អ លើការប្រតិបត្តិអនាម័យ ដូចជាប្រើប្រាស់បង្គន់ ពិសារទឹកស្អាតសុវត្ថិភាព លាងដៃជាមួយសាប៊ូ ព្រមទាំងសម្អាតបរិស្ថានជុំវិញផ្ទះបានស្អាតជាប្រចាំ។
លោកស្រីបានបន្ថែមថា តាមរយៈកម្មវិធីនេះក៏បានលើកទឹកចិត្តឱ្យពលរដ្ឋបន្តនូវទំលាប់ប្រតិបត្តិជាប្រចាំ ជំរុញដល់គ្រួសារដទៃទៀតក្នុងសហគមន៍ ចាប់ផ្តើមផ្លាស់ប្តូរទំលាប់ និងយកគំរូតាម គ្រួសារដែលទទួលបានជ័យលាភី និងបង្កើនការយល់ដឹងបន្ថែមដល់អ្នកពាក់ព័ន្ធនូវអត្ថប្រយោជន៍ នៃការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យផងដែរ៕