(សៀងហៃ, ចិន)៖ តបតាមការអញ្ជើញរបស់សម្ព័ន្ធឡូជីស្ទីកសកល GLOBAL LOGISTICS ALLIANCE (GLA) លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា នៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥ បានដឹកប្រតិភូទៅចូលរួមវេទិកាសហប្រតិបត្តិការ ចិន-កម្ពុជា (CHINA -CAMBODIA CORPORATION FORUM) ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នាឱកាសនោះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ទទួលបានការអនុញ្ញាតិពីសម្ព័ន្ធឡូជីស្ទីកសកល GLA ក្នុងការឡើងថ្លែងនៅក្នុងអង្គវេទិកានេះផងដែរ។

លោកប្រធាន បានលើកឡើងថា កម្ពុជាទទួលបាននូវការវិនិយោគជាច្រើនពីប្រទេសចិន មានដូចជាបណ្តារោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រស្បែកជើង គ្រឿងបង្គុំអគ្គិសនីបរិក្ចាគាំទ្រ ហេដ្ឋារចសម្ព័ន្ធជាច្រើន និងឧស្សាហកម្មផ្សេងៗ រួមទាំងវិស័យកសិកម្មទៀតផង។

ក្នុងនោះ លោកប្រធាន ក៏បានជំរុញឱ្យភាគីចិន និងដៃគូអន្តរជាតិផ្សេងទៀត ដែលស្ថិតនៅក្នុងអង្គវេទិកានេះ មកធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់បន្ថែម និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការវិនិយោគនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើលិខិតសម្តែងបំណង ស្តីពីកិច្ចសហប្រតិបត្តិការរៀបចំកម្មវិធីជំរុញ និងទាក់ទាញវិនិយោគ។ លោកបានបង្ហាញអំពីមុខងារ e-Signature របស់ប្រព័ន្ធ cdcIPM ដែលជាប្រព័ន្ធទំនើប មានភាពរហ័សរហួន និងបត់បែនខ្ពស់ ក្នុងការអនុម័តគម្រោងវិនិយោគ ទោះនៅទីណាក៏ដោយ ឱ្យតែមានអ៉ីនធើណេត ពោលគឺរាល់គម្រោងដែលត្រូវចុះហត្ថលេខា គឺអាចអនុម័តបានភ្លាមៗតែម្តង ដែលផ្តល់ភាពងាយស្រួល សម្រាប់អ្នកវិនិយោគិនដែលមានបំណងមកវិនិយោគនៅកម្ពុជា។

តាមរយៈវេទិកានេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួម នឹងពិនិត្យលទ្ធភាព និងឱកាសអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយបន្តនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចទីក្រុងសៀងហៃ ឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត៕