(សៀមរាប)៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ និងសហគមន៍កសិកម្មទំនើបសសី ចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ «ម្ទេសស្តង់ដារសុវត្ថិភាពចំនួន ២៤០តោន» ជាមួយក្រុមហ៊ុនកសិដ្ឋានគីរីទេសជាផ្លូវការនៅខេត្តសៀមរាប លើផ្ទៃដីដាំដុះចំនួន ១០ហិកតា។
សហគមន៍កសិកម្មទំនើបទាំង២ បានសម្រេចធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន ដោយបន្ថែមផលិតកម្មដំណាំម្ទេស បូករួមនឹងដំណាំស្រូវ និងដំណាំបន្លែដែលមានស្រាប់។
ការពង្រីកវិសាលភាពនេះធ្វើឡើងដោយមានការតភ្ជាប់ទីផ្សារទុកជាមុន តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលនឹងជួយការពារកសិករអ្នកផលិតពីហានិភ័យទីផ្សារ និងផ្តល់ភាពច្បាស់លាស់ជាងមុនដល់ការព្យាករណ៍ប្រាក់ចំណូលរបស់ពួកគាត់។
សហគមន៍ទាំង២ក៏ទទួលបានការគាំទ្រដើមទុន និងបច្ចេកទេសដាំដុះ សម្រាប់ផលិតកម្មដំណាំថ្មីមួយនេះផងដែរ៕