(តាកែវ)៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសំរោងពន្លៃ ស្ថិតក្នុងភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍របស់លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានលើកឡើងអំពីវឌ្ឍនភាពរបស់ខេត្តថា មានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ក្នុងនោះទូទាំងខេត្តមានវត្តចំនួន ៣៤៧វត្ត ព្រះសង្ឃចំនួន ៤.៣៩២អង្គ។ ដោយឡែកសម្រាប់ស្រុកអង្គរបូរីវិញ មានវត្តសរុបចំនួន ១២វត្ត ព្រះសង្ឃចំនួន ១៨០អង្គ ភិក្ខុ៤៧អង្គ សាមណេរ ១៣៣អង្គ អាចារ្យ ៣៩នាក់ គណៈកម្មការ ចំនួន ៨៩នាក់ យាយជី ៦នាក់ តាជី ២នាក់ ក្មេងស្នាក់នៅវត្តចំនួន ២២នាក់។
លោកបានបន្តទៀតថា វត្តសំរោងពន្លៃ មានអាយុកាលជាង២០០ឆ្នាំ ហើយបានក្លាយជាវត្តដែលមានវ័យចំណាស់ជាងគេ ដែលកាលពីមុនសម័យ ប៉ុល ពត គឺមានការគ្រប់គ្រងដោយព្រះចៅអធិការចំនួន១១អង្គ។ ប៉ុន្តែក្រោយថ្ងៃ រំដោះ ៧ មករា មានព្រះចៅអធិការ៤អង្គជាបន្តបន្ទាប់ទៀត រហូតដល់ឆ្នាំ២០១១ វត្តត្រូវបានដឹកនាំ និងគ្រប់គ្រងដោយព្រះគ្រូវិមលភិរ័ក្ខញាណ សេក សុវណ្ណារិន្ទ ព្រះវិន័យធរអនុគណស្រុកអង្គរបូរី និងជាព្រះចៅអធិការវត្ត សំរោងពន្លៃនាពេលបច្ចុប្បន្ននេះ។
អភិបាលរងខេត្ត បានបន្ថែមថា សមិទ្ធផលដែលត្រូវដាក់សម្ពោធឆ្លងនាថ្ងៃនេះ រួមមាន៖
*ទី១៖ ព្រះពុទ្ធរូបព្រះអង្គធំ មានបណ្ណាល័យជាបល្ល័ង្កស្ថិតនៅពីក្រោម និងសាវ័កទាំង១២ព្រះអង្គឈរជុំវិញ
*ទី២៖ កប្បិយកុដិ
*ទី៣៖ ចាក់សាបបេតុងបន្ថែម
*ទី៤៖ ជួសជុលព្រះវិហារជាថ្មី
*ទី៥៖ តដំបូលសាលាធម្មភា
*ទី៦៖ ធ្វើសួនច្បារ
*ទី៧៖ ខ្យុះថ្ម ប្រក់ក្បឿង
*ទី៨៖ សាងសង់អគារសិក្សា ១ខ្នង មាន ៥បន្ទប់ នៅវិទ្យាល័យសំរោងពន្លៃ
*ទី៩៖ អំពូលសូឡា ក្នុងវត្ត
*ទី១០៖ ជួសជុលកុដិ
*ទី១១៖ សួនរុក្ខជាតិ
*ទី១២៖ ទីស្នាក់ការទទួលបច្ច័យ
*ទី១៣៖ លាបថ្នាំកែលម្អរឡើងវិញ សាលាឆាន់ សួនច្បារ ចាក់សាប ចំណាយថវិកាសាងសង់អស់ជាង៣៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា សម្តេចពិតជាមានមោទនភាពបំផុត ជាមួយនឹងសមិទ្ធផល ដែលកើតចេញពីកម្លាំងសាមគ្គី របស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកសាង ឱ្យកើតចេញជាសមិទ្ធផលទាំងនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង។
សម្តេចបានថ្លែងថា «សមិទ្ធផលដែលកើតមានចំពោះមុខយើងនេះ មិនមែនកើតឡើងដោយឯងៗនោះទេ គឺដោយសារគុណបំណាច់នៃសន្តិភាព ទើបយើងអាចអភិវឌ្ឍបានសព្វបែបយ៉ាង។ យើងទាំងអស់គ្នា ត្រូវចង់ចាំ និងគោរពដឹងគុណជានិច្ច ចំពោះវីរភាពគំរូ និងបិតានយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បាននាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល»។
សម្តេចបានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍ និងរីកចម្រើន ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១។
ជាមួយគ្នានោះ សម្តេចសូមអរគុណមហាឧបាសិកា ចាន ឡុញ, លោក ហ៊ឺ ប៉ាវី ប្រតិភូរាជរដ្ឋាភិបាល និងប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងលោកស្រី សាយ សុផា, លោក ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោកស្រី យី សុភា, លោកបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ប៉ុល ស៊ាងហៃ, លោកស្រី ប៉ោ ណារ៉ូ រួមជាមួយនឹង លោក លោកស្រី លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា ពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស ដែលតែងតែលះបង់ពេលវេលា និងធនធាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងដោះស្រាយបញ្ហាផ្សេងៗ ពិសេសបានផ្តល់នូវជំនឿជឿជាក់ រួបរួមសាមគ្គី ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរ ក្នុងវិស័យព្រះពុទ្ធសាសនា។
សម្តេចបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ខ្ពស់បន្តពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសឆ្លើយតបតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល៕