(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីសារៈសំខាន់ នៃគម្រោង «សាលារៀនទឹកភ្លៀង» ដែលបណ្ដុះស្មារតីយុវជនឱ្យយល់ដឹងពីសារៈសំខាន់នៃទឹកភ្លៀង និងបានសង្កត់ធ្ងន់ថា ទឹកភ្លៀង គឺជាមាសនៃជីវិត ដូច្នេះយើងមិនអាចឱ្យមាសនេះហូរចោលនោះទេ ហូរសមុទ្រដោយទទេជាដាច់ខាត។

លោកបណ្ឌិត យង់ ពៅ បានថ្លែងថា សាលាទឹកភ្លៀងនឹងចូលរួណែកកែប្រែទស្សនៈបណ្តោយឱ្យទឹកភ្លៀងហូរចោល ប៉ុន្តែ ត្រូវបានរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីយកមកប្រើប្រាស់ឡើងវិញ។ ពោលគឺច្នៃទឹកភ្លៀងឱ្យមានគុណភាពល្អ តាមរយៈបច្ចេកវិទ្យាទំនើប ដូច្នេះ ចំណុចនេះ គឺនឹងកែប្រែលទស្សនៈដោយបញ្ឈប់ឱ្យទឹកភ្លៀងហូរចោល។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា យើងបានដឹងច្បាស់ហើយនៅតាមបណ្តាប្រទេសមួយចំនួន ជាពិសេសនៅទ្វីបអាហ្វ្រិក គឺមានការខ្វះខាតទឹកប្រើប្រាស់យ៉ាងខ្លាំង ប៉ុន្តែ សម្រាប់នៅទ្វីបអាស៉ី តួយ៉ាងនៅកម្ពុជា គឺមានទឹកភ្លៀងធ្លាក់មកគ្រប់គ្រាន់ ដូច្នេះ ហើយសូមប្រជាពលរដ្ឋទាំងអស់រួមគ្នាប្រមូល រក្សាទុកទឹកសាបនេះឱ្យបានត្រឹមត្រូវ។ ត្រង់ចំណុចនេះមិនត្រូវខ្ចីខ្ជាយនោះទេ ត្រូវតែបណ្តុះស្មារតីយុវជន ឱ្យចេះសន្សំទឹក ជាពិសេសនឹងជួយដល់បរិស្ថានជាដើម។

ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពី «ការផ្សារភ្ជាប់រវាង វិធីសាស្ត្របែប ប្រពៃណីនិងការច្នៃប្រឌិតថ្មី: ដំណោះស្រាយវិបត្តិអាកាសធាតុតាមរយៈការគ្រប់គ្រងទឹក» នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥, លោកបណ្ឌិត បានសង្កត់ធ្ងន់ៗថា៖ «ទឹកភ្លៀង គឺជាមាសជីវិត យើងមិនអាចឱ្យមាសនេះ ហូរចោលនោះទេ យើងត្រូវតែទុកប្រើប្រាស់ ឱ្យបាន១ឆ្នាំនៅក្នុងរដូវទឹកភ្លៀងធ្លាក់»

លោកបណ្ឌិត យង់ ពៅ បានរំពឹងថា គម្រោង «សាលារៀនទឹកភ្លៀង» ដែលកំពុងអនុវត្តនៅកម្ពុជានឹងចូលរួមកែប្រែទស្សនៈទុកទឹកភ្លៀងហូរចោល មកប្រើប្រាស់ទឹកភ្លៀង បណ្ដុះស្មារតីយុវជនដល់យល់ដឹងពីសារៈសំខាន់នៃទឹកភ្លៀង ខណៈការប្រមូលទឹកភ្លៀងតាមវិធីសាស្ត្របែបប្រពៃណី យកមកប្រើប្រាស់លែងសូវឃើញមានច្រើននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់សង្គមខ្មែរ។

លោកបណ្ឌិត យង់ ពៅ បានបន្តថា រាជបណ្ឌិត្យសភាកំពុងស្វែងរកថវិកាពីស្ថាប័នអន្តរជាតិដទៃទៀត ដើម្បីឈានទៅសម្រេចគោលដៅសាលារៀនទឹកភ្លៀងឱ្យបាន ១០០០សាលារៀន នៅទូទាំងប្រទេសកម្ពុជា ដើម្បីរួមចំណែកទៅក្នុងគោលនយោបាយបង្កើតសាលារៀនគំរូ របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការផ្ដល់ប្រភពទឹកស្អាតពីទឹកភ្លៀង ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយមាតាបិតាសិស្សនៅតាមសហគមន៍ ក៏នឹងទទួលបានអត្ថប្រយោជន៍នេះ ដូចគ្នាដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏សងឹ្ឃមជឿជាក់ថា តាមរយៈសិក្ខាសាលានេះ នឹងរួមបញ្ចូលគតិបណ្ឌិតក្នុងការគ្រប់គ្រងទឹកបែបប្រពៃណី និងបច្ចេកវិទ្យាទំនើប ព្រមទាំងផ្ដល់ការអប់រំតាមសហគមន៍ ដើម្បីជាធាតុចូលសម្រាប់ជម្រុញប្រែក្លាយសាលារៀនតាមសហគមន៍ ទៅជាសាលារៀនគំរូ សម្រាប់ការប្រើប្រាស់ទឹកប្រកបដោយចីរភាព និងការបន្ស៊ាំអាកាសធាតុ៕