(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤។
នាឱកាសនោះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលជោគជ័យ ក្នុងការក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ គឺដោយសារមានការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសហគមន៍។
អភិបាលខេត្ត បានផ្ដាំផ្ញើមន្ត្រីសុខាភិបាលខេត្តកំពង់ចាមទាំងអស់ សូមឱ្យបន្តក្នុងការរក្សានូវចំណុចល្អដែលយើងបានធ្វើ រហូតទទួលជ័យលាភីលេខ១ ពីការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ពោលគឺគ្រប់គ្រងខ្សែក្រវ៉ាត់នេះឱ្យបាន ដោយផ្អែកទៅលើការផ្តល់សេវា របស់ខ្លួនឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត នាពេលបច្ចុប្បន្ន និងទៅអនាគត។
គូររំលឹកថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទទួលជ័យលាភីលេខ១ ពីការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ ក្នុងរយៈពេល ៥ឆ្នាំ (២០២០-២០២៤) មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានអភិវឌ្ឍន៍មន្ទីរពេទ្យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងគុណភាព នៃការផ្តល់សេវា។
មន្ទីរពេទ្យបង្អែកខេត្តនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តការកែលម្អនូវរបៀបរបបនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាពល្អប្រសើរឡើង ស្របតាមគោលនយោបាយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥៕