(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថាថ្មីៗនេះមានបុគ្គល ឬក្រុមខិលខូចនៅតែបន្តប្រើប្រាស់ឈ្មោះ និងរូបភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតគណនីតេឡេក្រាមក្លែងក្លាយឈ្មោះថា «CEO. H.E HENG Sour» (@HENG_Souradmin) និងរូបភាព លោករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំក្រសួងក្នុងកម្មវិធីមួយ មកប្រើជារូបប្រូហ្វាលក្រុមតេឡេក្រាមឈ្មោះ «ប្រាក់ចំណេញ ROI ប្រចាំថ្ងៃរបស់ OCIC ការវិនិយោគ» ក្នុងចេតនា បោកប្រាស់សាធារណជនឱ្យយល់ថា ជារបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
ការិយាល័យអ្នកនាំពាក្យនៃក្រសួងការងារ បានបញ្ជាក់យ៉ាងដូច្នេះថា៖ គណនីតេឡេក្រាម «CEO. H.E HENG Sour» (@HENG_Souradmin) មិនមែនជាគណនីរបស់ លោក ហេង សួរ នោះទេ ហើយលោករដ្ឋមន្ត្រី ក៏មិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតេឡេក្រាមឈ្មោះ «ប្រាក់ចំណេញ ROI ប្រចាំថ្ងៃរបស់ OCIC ការវិនិយោគ» នោះដែរ។ ក្រសួងមិនទទួលខុសត្រូវនូវរាល់ការបាត់បង់ អត្ថប្រយោជន៍ណាមួយដែលបង្កដោយគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមខាងលើនោះឡើយ។ ដោយឡែក លោក ហេង សួរ មានគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការដូចខាងក្រោម៖
១៖ ហ្វេសប៊ុកផ្លូវការគឺ
https://www.facebook.com/hengsour4all
២៖ តិកតុផ្លូវការគឺ
https://www.tiktok.com/@hengsour
៣៖ តេឡេក្រាមផ្លូវការគឺ៖ https://t.me/HENG Sour។
ជាថ្មីម្ដងទៀត ក្រសួងការងារ សូមព្រមានដល់ម្ចាស់គណនីតេឡេក្រាមក្លែងក្លាយ និងម្ចាស់ក្រុមតេឡេក្រាមខាងលើ ឱ្យលុបចោល នូវគណនីតេឡេក្រាម និងរូបភាពទាំងអស់របស់ លោក ហេង សួរ ជាបន្ទាន់។ ទន្ទឹមនឹងនេះ ក្រសួង សូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះ ករណីនេះ៕