(ស្វាយរៀង)៖ គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់កើតឡើងរវាងរថយន្ត និងរថយន្តបើកបរទិសដៅបញ្ច្រាសទិសគ្នាលើផ្លូវជាតិលេខ១ បានបណ្ដាលឱ្យនាយកមីក្រូហិរញ្ញវត្ថុអម្រឹតម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីនេះបាន កើតឡើងកាលពីវេលាម៉ោង ១៨៖៣០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩ ត្រង់ចំណុចភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះគឺលោក ចិក វិមល អាយុ២៩ឆ្នាំ ជានាយកមីក្រូហិរញវត្ថុអម្រឹត រស់នៅភូមិប្រហូត ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើករថយន្តម៉ាកកាមរីហាយព្រីត ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2BN-8192 ស្លាប់នៅកន្លែងកើតហេតុ ខណៈរថយន្តខូចខាតធ្ងន់។
ចំណែករថយន្តក្រុងទេសចរណ៍ពណ៌ក្រហម ស្លាកលេខភ្នំពេញ 3E-3977 អ្នកបើកបររថយន្តមានឈ្មោះ ឈុំន កុនាល័ក្ខ អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានរត់គេចខ្លួនបាត់ ពីកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារ យកទៅធើ្វបុណ្យតាមប្រពៃណី រីឯរថយន្តទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីដោះស្រាយនៅពេលក្រោយ៕