(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ និងត្រួតពិនិត្យទីតាំងឃ្លាំងស្តុកស្រូវ និងសម្ងួតស្រូវ ស្ថិតនៅភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលត្រូវអគ្គីភ័យឆាបឆេះបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង។
លោក សួន សុម៉ាលីន បានឲ្យដឹងថា ដោយមានកិច្ចអន្តរាគមន៍ពន្លត់អគ្គីភ័យទាន់ពេលវេលាពីកងកម្លាំង និងក្រុមការងារពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្ត និងស្រុកស្វាយអន្ទរ ស្រុកពារាំង ស្រុកកំចាយមារ និងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាលទ្ធផលបានគ្រប់គ្រង និងពន្លត់អគ្គីភ័យបានទាំងស្រុង ដោយពុំមានប្រជាពលរដ្ឋណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
សូមបញ្ជាក់ថា ទីតាំងខាងលើរោងម៉ាសុីនកិនស្រូវ ឃ្លាំងស្តុក និងសម្ងួតស្រូវ មានម្ចាស់ឈ្មោះ ឈិត ប៊ុនថន ភេទប្រុស អាយុ៦២ឆ្នាំ ចំណែកឯការខូចខាត រួមមាន ស្រូវ និងសម្ភារៈមួយចំនួនទៀតផងដែរ៕