(តាកែវ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំង របស់ប្រជាកសិករ ដែលសម្រេចលទ្ធផល ១០០% ក្នុងស្រុកបាទី ខេត្តតាកែវ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា កិច្ចអន្តរាគមន៍ បានសម្រេចលទ្ធផល ១០០% ហើយស្រូវប្រាំងរបស់បងប្អូនប្រជាកសិករក៏បានច្រូតកាត់ប្រមូលផលបានប្រមាណ ៩៥% នៅសល់ប្រមាណ ៥%ទៀត កំពុងច្រូតកាត់បន្ត។ ទន្ទឹមនឹងនេះ ទឹកក្នុងអាងទឹកទន្លេបាទី និងតាមប្រឡាយហនុមាននៅសល់អាចធានាការប្រើប្រាស់រហូតដល់ខែ៧ ខែ៨ ខាងមុខនេះ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឱ្យក្រសួងយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ក្រោមការសម្របសម្រួលពីលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដោយមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបើកទ្វារទឹកទំនប់អាងទឹកតាសាល ដើម្បីបញ្ជូនទឹកតាមស្ទឹងព្រែកត្នោត ចម្ងាយប្រមាណជាង២០០គីឡូម៉ែត្រ ឆ្លងតាមប្រឡាយ៧៨ ចូលក្នុងអាងទឹកទន្លេបាទី ហើយបញ្ជូនបន្តតាមប្រឡាយមេហនុមាន ដោយឆ្លងកាត់ស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ដើម្បីយកទៅជួយស្រោចស្រពផ្ទៃដីស្រូវប្រាំងដែលកំពុងប្រឈមមុខនឹងការខ្វះខាតទឹក ក្នុងឃុំចំនួន៨ នៃស្រុកបាទី មានឃុំក្រាំងធ្នង់ កណ្តឹងចំប៉ី ត្រពាំងសាប, ចំបក់, ពារាម, ពត់សរ និងឃុំត្នោត និងបណ្តាស្រុកមួយចំនួនទៀតរបស់ខេត្តតាកែវ។
សូមជម្រាបថា នៅស្រុកបាទី ផែនការឆ្នាំ២០២៥ ការបង្កបង្កើនផលស្រូវរដូវប្រាំងមានចំនួន ២ពាន់ហិកតា ក៏ប៉ុន្តែការអនុវត្តធ្វើស្រែប្រាំងមានប្រមាណ ៥ពាន់ហិកតា ខណៈប្រភពទឹកជាក់ស្តែងនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល បណ្តាលឱ្យស្រូវប្រាំងប្រជាពលរដ្ឋប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្រោចស្រព៕