(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានលើកឡើងថា ក្រុមការងារចលនាស្រ្តី ស្រុក ឃុំ ជាសេនាធិការគណបក្សមួយ ដែលត្រូវពិនិត្យតាមដានសកម្មភាពនិងសេចក្តីត្រូវការរបស់ពលរដ្ឋ ពិសេសស្រ្តីគ្រប់ស្រទាប់មជ្ឈដ្ឋាន ហើយត្រូវយកចិត្តទុកដាក់ដោះស្រាយឆ្លើយតប និងរាយការណ៍ជូនគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយរាល់បញ្ហាសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ការលើកឡើងបែបនេះរបស់ សម្តេចមហារដ្ឋសភាធិការធិបតី បានលើកទឹកចិត្តដល់ក្រុមការងារចលនាស្រ្តីបន្តចុះតាមភូមិ ជូបជាមួយប្រជាពលរដ្ឋ ដោយផ្ទាល់ឱ្យបានជាប់ជាប្រចាំ រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅនិងការជឿទុកចិត្តជូនដល់ពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០២៥។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខនិងក្តីនឹករលឹករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសមាជិកសមាជិកានិងអង្គពិធីទំាងមូល ផងដែរ។
នៅក្នុងពិធីដែលមានអ្នកចូលរួមជិត៤០០នាក់នេះ សម្តេចរដ្ឋសភាធិបតី បានរំលឹកអនុស្សាវរីយ៍ជាមួយស្រុកលើកដែក គឺជាទឹកដីមួយប្រៀបដូចជា ស្រុកកំណើតរបស់សម្តេចផ្ទាល់។ សម្តេចបានចុះមកបំពេញការងារ ចូលរួមបម្រើប្រជាពលរដ្ឋនៅស្រុកលើកដែកតំាងពីឆ្នាំ១៩៩៦មកម្ល៉េះ ដែលសរុបទៅសម្តេចបានធ្វើការជាមួយអភិបាលស្រុកលើកដែកចំនួន៧នាក់មកហើយ រួមទំាងលោកអភិបាលស្រុកនាពេលបច្ចុប្បន្នផងដែរ។
សម្តេចរដ្ឋសភាធីបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់រាប់អានរបស់ប្រជាពលរដ្ឋនៅស្រុកលើកដែកប្រៀបដូចជាឪពុក ម្តាយ បងប្អូន រួមផ្ទៃតែមួយដូច្នោះពិសេសការគំាទ្រនិងស្រឡាញ់របស់ប្រជាពលរដ្ឋទំាងអស់មកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ អគ្គមគ្គទេសក៍សន្តិភាព និងការអភិវឌ្ឍន៍គឺសម្តេចតេជោ ហ៊ុន សែន ដែលស្ទើរពេញមួយជីវិតសម្តេចបានបូជា និងពលិកម្មគ្រប់បែបយ៉ាងសូម្បីតែជីវិតរបស់ សម្តេចផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ដោយបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រទេសជាតិ។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មដ៏ឧត្តុង្គឧត្តម របស់សម្តេចតេជោ បានកំពុងបន្តថែរក្សា ការពារដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតីនាយករដ្ឋមន្រ្តីដែលជាមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹងនិងថាមពល បានកំពុងអនុវត្តយ៉ាងសកម្ម នូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកើតចេញពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយទស្សនវែងឆ្ងាយ ច្បាស់លាស់ ក្នុងការធានា ថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
សម្តេចប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានគូសបញ្ជាក់ថា ពិធីប្រកាសសមាសភាពក្រុមការងារនៅព្រឹកនេះ ពុំមែនមានន័យថាមានការកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់ក្រុមការងារចលនាស្រ្តីដែលមានកន្លងមកនោះទេ។ ក៏ប៉ុន្តែវាជាយន្តការបន្ថែមមួយទៀតរបស់ គណបក្សបន្ថែមពីលើយន្តការដែលមានស្រាប់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ជួយឧបត្ថម្ភគំាទ្រគ្នាទៅវិញទៅមក ក្នុងគោលដៅបម្រើដល់បុព្វហេតុ និងចក្ខុវិស័យរបស់គណបក្ស។
បន្ថែមពីនេះ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីគោលការណ៍លើកកម្ពស់សមភាពយេនឌ័ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានអនុវត្តតំាងពី ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មកម្លេះ ពោលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែលើកកម្ពស់តម្លៃនិងសិទ្ធិរបស់ស្រ្តី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ជួយស្រ្តីដូចជាខ្លួនឯង។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១។ សម្តេចធិបតី ក៏បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន និងថាស្រ្តីជាបេះដូងរបស់ គ្រួសារនិងជាវិចារណញ្ញាណប្រទេសជាតិ»។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកគណបក្សត្រូវបុរេសកម្មក្នុងការប្រតិកម្ម ប្រឆំាងតបទល់ទៅពួកប្រឆំាងជ្រុលនិយម ដែលប៉ុនប៉ងមួលបង្កាច់ ប្រឆំាងថ្នាក់ដឹកនាំ បំផ្លាញសមិទ្ធផលជាតិ បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម ឱ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាកុំឱ្យក្រុមនោះ បង្ករវិនាសកម្ម នាំប្រទេសជាតិធ្លាក់ ក្នុងសង្រ្គាមនិងទុក្ខវេទនាជាថ្មីម្តងទៀត។
សូមជម្រាបដែរថា លោកស្រី ពុំ ចន្ទីនី ត្រូវបានតែងតាំងជាប្រធានក្រុមការងារចលនាស្រ្តីគណបក្សចុះជួយស្រុកលើកដែក។ លោកស្រី និងក្រុមការងារ បានប្តេជ្ញាគំាទ្រយ៉ាងពេញទំហឹង នូវគោលនយោបាយរបស់គណបក្ស ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ បាននាំមកនូវសន្តិភាពនិងឯកភាពជាតិពេញលេញជូនប្រទេសជាតិនិងប្រជាជនកម្ពុជា។
លើកពីនេះ លោកស្រី ពុំ ចន្ទីនី បានប្តេជ្ញាការពារសុខសន្តិភាព សុវត្ថិភាពនិងសន្តិសុខសង្គម ដោយជានិច្ចកាលត្រូវរំលឹកគុណនិងអរគុណសន្តិភាព តាមស្មារតីមុតស្រួចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សនិងជានាយករដ្ឋមន្រ្តី ក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាថ្មីម្ដងទៀត សម្តចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងសមាជិក ក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក ដែលត្រូវបានប្រកាសសមាសភាពក្នុងឱកាសនេះ បន្តនូវវប្បធម៌សាមគ្គី បន្តខិតខំកសាងបក្សនិងបង្កើនកម្លំាងគំាទ្របក្សស្របតាមគោលការណ៍រក្សាចាស់ បង្កើនថ្មី។ គោរពប្រតិបត្តិឱ្យបានទៀតទាត់និងជាប្រចាំនូវរបបធ្វើការងាររបស់គណបក្សដែលរួមមាន របបប្រជុំ របបចុះមូលដ្ឋាន របបរៀនសូត្រ របបត្រួតពិនិត្យ និងរបបរាយការណ៍សុំយោបល់និងត្រូវមានរបៀបររបបធ្វើការឱ្យបានលឿន ឱ្យលះ បើស្ទះសុំគោលការណ៍ថ្នាក់ដឹកនាំ ដោយធ្វើយ៉ាងណាត្រូវរក្សាភាពឈ្នះរបស់គណបក្ស នាំជ័យជម្នះថ្មីៗបន្ថែមទៀតជូនគណបក្សពិសេសការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៨ ខាងមុខនេះ៕