(សៀមរាប)៖ លោក ខូវ មករា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី «ក្រុមខៀវ៖ ការពង្រឹងសមត្ថភាពយន្តការឆ្លើយតបបន្ទាន់ សម្រាប់ស្ថាប័នរដ្ឋាភិបាល និងប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ» ដែលរៀបចំឡើងចា់ប់ពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ សរុបប្រមាណ ២០រូប។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងលើកកម្ពស់សមត្ថភាពឆ្លើយតប ទៅនឹងការវាយប្រហារសាយប័រ ឧប្បត្តិហេតុសាយប័រ និងការថែទាំប្រព័ន្ធបណ្តាញព័ត៌មាន ឱ្យដំណើរការបានដោយរលូនដោយផ្ដល់ឱកាសឱ្យសិក្ខាកាម ធ្វើការងារជាក្រុម ដើម្បីត្រួតពិនិត្យប្រព័ន្ធលំហាត់សម ស្វែងរកឧប្បត្តិហេតុសាយប័រ កត់ត្រា ប្រមូលព័ត៌មាន វិភាគ និងវាយតម្លៃ ដើម្បីចងក្រងជារបាយការណ៍ ដែលជំនាញទាំងនេះជាជំនាញចាំបាច់សម្រាប់ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិ ផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕