(តាកែវ)៖ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា ខេត្តតាកែវ ជាខេត្តដែលសម្តេចបានជួយកសាងសមិទ្ធផលក្នុងព្រះពុទ្ធសាសនាច្រើន តួយ៉ាងដូចជាអន្ទិត ជួន កក្កដា ដែលទើបតែសឹកនោះ ក៏បានកសាងស្នាដៃជាច្រើននៅក្នុងព្រះពុទ្ធសាសនា។ សម្ដេច បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។
យ៉ាងណាមិចថ្លែងនៅក្នុងពិធីបើកបុណ្យសមុទ្រនេះ សម្ដេចបានពន្យល់បន្តិចពាក់ព័ន្ធនឹងការសឹករបស់អន្ទិត ជួន កក្កដា នាពេលថ្មីៗនេះថា មិនបានជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលឡើយ គឺជាការសម្រេចចិត្តទាំងស្រុងរបស់អន្ទិត ជួន កក្កដា មិនដូចការចោទប្រកាន់ពីក្រុមមួយចំនួនតូចឡើយ។ ប៉ុន្តែដោយសារតែលោកជាព្រះសង្ឃ ដែលមានចំណេះដឹងខ្ពស់ មានស្នាដៃច្រើននៅក្នុងព្រះពុទ្ធសាសនា ដូច្នេះរដ្ឋាភិបាល គ្រោងនឹងរៀបចំអន្ទិត ជួន កក្កដា ឱ្យក្លាយជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការ ដើម្បីបានបន្តការងារជួយដល់សង្គម និងសាសនាបន្តទៀត។
សម្ដេចនាយករដ្ឋមន្រ្តី មានប្រសាសន៍បែបនេះថា៖ «ឥលូវដល់លោកតេជគុណ ជួន កក្កដា ដូចគ្នាខ្ញុំសូមបញ្ជាក់តាមេក្រូដើម្បីលឿន ព្រោះឥលូវគេដឹងរឿងពិតប្រាកដព្រោះរឿង លោកបានចេញហើយ ប៉ុន្តែគេចង់ឱ្យប្រជាពលរដ្ឋអ្នកដែលគាំទ្រលោកជាច្រើនយល់ច្រឡំរដ្ឋាភិបាល រឿងតែប៉ុណ្ណឹង។
អ្នកដែលផ្សាយហើយផ្សាយទៀតនេះ ដែលក្រសួងចេញមកផ្សាយ ព្រះអង្គចេញមកផ្សាយ បង្ហាញទាំងកម្មវិធី ព្រោះលោកមានអ្នកគាំទ្រច្រើន អញ្ចឹងគេចង់ឱ្យមើលឃើញបែបនេះ អញ្ចឹងខ្ញុំសូមពន្យល់បន្តិចទៅចុះ ព្រោះពាក់ព័ន្ធនឹងតាកែវដែរ ព្រោះលោកនៅវត្តប្រាសាទនាងខ្មៅ នៅសម្រោង អញ្ចឹងជាប់អ្នកតាកែវដែរ ឥលូវមកជួបអ្នកតាកែវ នឹកឃើញរឿងហ្នឹង ហើយទាក់ទងរឿងសាសនា ខ្ញុំសូមបញ្ជាក់អញ្ចេរអត់មាននរណាផ្សឹកលោកទេ ដោយបង្ខំទេ លោកអត់មានបានប្រព្រឹត្តិអ្វីខុសទេ គឺការសម្រេចចិត្តរបស់ព្រះអង្គ ហើយសូមឱ្យពុទ្ធបរិស័ទ ដែលគាំទ្រ ជឿព្រះអង្គ បន្តគាំទ្រលោកទៀត លោកហ្នឹងបន្តជួយនៅក្នុងពុទ្ធសាសនាទៀត»។
សម្ដេចបានបន្ថែមទៀតថា៖ «ហើយតាមពិតលោក នឹងត្រូវរៀបចំដោយសារចំណេះដឹងរបស់លោកល្អខ្លាំងជួយច្រើននៅក្នុងវិស័យនេះ រាជរដ្ឋាភិបាល ត្រូវការអ្នកដែលមានសមត្ថភាពនេះ ហើយលោកក៏មានបំណងមានឆន្ទៈ ចង់ចូលរួមជួយវិស័យពុទ្ធសាសនា ថែមទៀត អញ្ចឹងយើងគ្រោងរៀបចំលោក ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ ដើម្បីបន្តជួយវិស័យពុទ្ធសាសនាតទៅទៀត។ អត់មានផ្សឹកលោកទេ ហើយក៏អត់មានបោះបង់ចោលធនធាន ដែលល្អ ដែលមានឆន្ទៈជួយនោះដែរ អញ្ចឹងសូមឱ្យលោកតា លោកយាយ អ៊ុំ ពូ មីង ដែលជា Fan របស់ព្រះអង្គ ជួន កក្កដា សូមកុំមានការយល់ច្រឡំ ហើយប្រពន្ធខ្ញុំក៏គាត់ជឿខ្ញុំហើយ ថាខ្ញុំអត់បង្ខំលោកទេ ព្រោះគាត់ជា Fan មួយដែរ គឺគោរពតាមការសម្រេចរបស់ព្រះអង្គ របស់លោកប្អូនអន្ទិត ជួប កក្កដា ដែលលោកចង់បានបន្ត ការងារជួយទៅដល់សាសនា ជួយទៅដល់សង្គមជាតិ ប៉ុន្តែគ្រាន់តែប្ដូរផ្លូវពីផ្លូវពុទ្ធចក្រ មកផ្លូវអាណាចក្រវិញតែប៉ុណ្ណោះ។ ហើយយើងនឹងបន្តផ្ដល់ឱកាសឱ្យលោកប្អូនបណ្ឌិត នៅបន្តចូលរួម ដើម្បីជួយកសាងពុទ្ធសាសនា ដែលជាមូលដ្ឋានសម្រាប់សង្គមជាតិយើងតទៅទៀតសូមបញ្ជាក់ប៉ុណ្ណឹង»។
ពាក់ព័ន្ធនឹងវិស័យពុទ្ធសាសនានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវទៅពុទ្ធបរិស័ទ អ្នកគាំទ្ររបស់ព្រះសង្ឃ ជួន កក្កដា កុំមានការយល់ច្រឡំជាមួយនឹងរដ្ឋាភិបាល អំពីការសឹករបស់ព្រះអង្គ ជួន កក្កដា ព្រះលោកបានសាងនូវកំហុសអ្វីឡើយ ហើយការសឹកនេះជាការសម្រេចចិត្ត របស់សាមីខ្លួនផ្ទាល់ ដូច្នេះយើងគួរតែគោរពតាមការសម្រេចចិត្តរបស់ព្រះអង្គ ជួន កក្កដា៕
