(ពោធិ៍សាត់ )៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំថ្មីសាលាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្របណ្តោះអាសន្ន ជូនដល់និស្សិតវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ច ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុកក្រុង មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងមាតាបិតាអាណាព្យាល យ៉ាងច្រើនកុះករ។

លោក ខា ស៊ីចាន់ នាយកវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តពោធិ៍សាត់ បានឱ្យដឹងថា វិទ្យាស្ថាននេះ បានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២៣ តាមអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។ វិទ្យាស្ថាននេះ បាននឹងកំពុងបណ្តុះបណ្តាល លើកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាញរដ្ឋបាលសាធារណៈ នីតិសាស្ត្រ ព័ត៌មានវិទ្យា គ្រប់គ្រងទូទៅ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ អក្សរសាស្ត្រអង់គ្លេស គ្រប់គ្រងទីផ្សារ សហគ្រិនភាព សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនង វិស្វកម្ម និងមេកានិច។ បច្ចុប្បន្នវិទ្យាស្ថានមានបុគ្គលិ១៥នាក់ មាននិស្សិត ចំនួន៩៧៦នាក់ ស្រី៤៨២នាក់ ក្នុងនោះនិស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ ចំនួន៦៥៧អង្គ/នាក់ ស្រី៣៨៣នាក់ រួមមានផ្នែកបរិញ្ញាជាន់ខ្ពស់ ចំនួន២៥០អង្គ/នាក់ ស្រី១៦៥នាក់, បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ចំនួន២៣៨អង្គ/នាក់ ស្រី១១៥នាក់ និងវិញ្ញាបនបត្រ១៤៩អង្គ/នាក់ ស្រី១០៣នាក់។

ថ្លែងសំណេះសំណាលក្នុងពិធីចែកសញ្ញាបត្រ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការកោតសរសើរ ចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ច ដែលមានលោក ខា ស៊ីចាន់ ជានាយក ដែលបានយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលចំណេះជំនាញ ឆ្ពោះទៅរកទម្រង់អប់រំតាមបែបឌីជីថលឆ្លើយតបទៅនឹងគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។ ដោយឈរលើមូលដ្ឋាន នៃសមិទ្ធផលអប់រំនិងការកែទម្រង់វិស័យអប់រំ ទាំង៣ដំណាក់កាល បានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីទៅរកម៌ាគា នៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព មានភាព ឆ្លាតវៃរស់រវើក បុរេកម្ម និងទន់ភ្លន់។

លោកបានថ្លែងលើកឡើងថា ប្រព័ន្ធអប់រំត្រូវមានភាពធន់ និងកំណត់អាទិភាពទាំងផ្នែកចំណាយ ការបំពេញកិច្ចការ និងចាប់យកឱកាសប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ក្នុងការឆ្នៃប្រឌិតនូវវិធីសាស្ត្របង្រៀន និងរៀន ដោយរួមបញ្ចូលបច្ចេកវិទ្យាទំនើប ផ្សារភ្ជាប់ទៅនឹងគន្លងអាជីព និងបង្កើតប្រព័ន្ធអេកូឡូស៊ី សហគ្រិន ធុរកិច្ច ដោះស្រាយការប្រែប្រួល នៃកម្លាំងពលកម្ម និងការសិក្សាពេញមួយជីវិត។ លោកបានថ្លែងបន្តថា កាលានុវត្តភាពនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយសារតែយុវជន កំពុងត្រូវការសេវាអប់រំ តាមបែបថ្មីទំនើប និងមានគុណភាពខ្ពស់ នៅពេលមានការកើនឡើងយ៉ាងឆាប់រហ័ស ការប្រើប្រាស់បច្ចេកវិទ្យាអីុនធើណិត ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត លោកសូមគាំទ្រដល់ការអប់រំតាមបែបធីជីថល ក្នុងការពង្រឹងសមត្ថភាព ផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន ក្នុងគោលបំណងទាញប្រយោជន៍បច្ចេកវិទ្យា និងការអនុវត្តកំណេទម្រង់ការអប់រំ និងក្រោមវិធានការគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយភាពស្វាហាប់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តោតលើអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលកិច្ចការទាំងនេះពិតជាឆ្លើយតបទៅនឹងការងារកែទម្រង់សំខាន់ៗ ហើយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ លើបាវចនាទាំង៥ កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។ ពិតប្រាកដណាស់ថា ការអប់រំ គឺជាអាទិភាពក្នុងចំណោមវិស័យអាទិភាពនានា ត្រូវទាមទាធនធានមនុស្សប្រកបដោយគុណភាព ជំនាញស្វាហាប់ ឈានឆ្ពោះទៅរកការកសាងសង្គ មនិងប្រកួតប្រជែងទាំងប្រទេស ក្នុងតំបន់ និងសកលលោក៕