(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្ររង ព្រមទាំងសិក្ខាកាមកម្រិតវិញ្ញាបនបត្រ សរុបចំនួន២៣៣៧នាក់ នៃវិទ្យាស្ថានអាស៊ីកម្ពុជា នៅទីតាំងគោលខេត្តក្រចេះ។

យោងតាមរយៈរបាយការណ៍ លោក ឆាន សុភាព ប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថានអាស៊ីកម្ពុជា បានឲ្យដឹងថា ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូននិស្សិត និងសិក្ខាកាមជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់វិញ្ញាបនបត្រ នៃ វិទ្យាស្ថានអាស៊ីកម្ពុជា សរុបចំនួន២៣៣៧នាក់ ក្នុងនោះនារី៦៨៤នាក់ )ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០២១-២០២២ និងឆ្នាំសិក្សា២០២២-២០២៣ កន្លងមកនេះ ក្នុងនោះនិស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិព្រឹទ្ធបណ្ឌិត ចំនួន៣៧នាក់ផងដែរ។

លោកប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថានអាស៊ីកម្ពុជា ក៏បានឲ្យដឹងដែរថា ចាប់តាំងពីការបង្កើតវិទ្យាស្ថានអាស៊ីកម្ពុជា រយៈកាលជាង១៣ ឆ្នាំ រហូតដល់ពេលបច្ចុប្បន្ននេះ វិទ្យាស្ថានអាស៊ីកម្ពុជា បានខិត ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការ អភិវឌ្ឍខ្លួន ចាប់ពីជួលអគារជាផ្ទះពីរល្វែង មកអគារផ្ទាល់ខ្លួនលើផ្ទៃដីផ្ទាល់ ខ្លួន ហើយវិទ្យាស្ថាន ក៍បានពង្រីកខ្លួនបាន៥ទីតាំងក្នុងនោះ ទីតាំងគោលខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងរាជធានីភ្នំពេញ ។

លោក វ៉ា ថន បានលើកឡើងថា ប្រទេសជាតិ មានការីកចំរើនប្រកបដោយកិត្យានុភាពរហូត មកដល់ពេលនេះ មិនមែនយើងប្រឹងប្រែង តែមួយជ្រុងពីរជ្រុងប៉ុណ្ណោះទេ គឺយើងប្រឹង ប្រែងស្តារ និងលើកស្ទួយគ្រប់វិស័យ ពិសេសវិស័យអប់រំ ដែលបានបញ្ចូលទៅក្នុង យុទ្ធ សាស្ត្របញ្ចកោណដំណាក់ កាលទី១របស់រាជរដ្ឋាភិបាល សំដៅកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីធានាឱ្យគុណភាព នៃការអប់រំកាន់តែខ្ពស់ ស្រប តាមស្តង់តំបន់ ។

លោក វ៉ា ថន បានបញ្ជាក់ថា ការពង្រឹងគុណភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីទទួលបានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារតាមស្ថាប័នផ្សេងៗ គឺពិតជារឿងស្មុគស្មាញ និងលំបាកខ្លាំងណាស់ដោយហេតុ តែការឆ្លងកាត់សង្គ្រាមច្រើនទសវត្សរ៍។ កត្តាទាំងនេះហើយ ទើបប្រទេសកម្ពុជាខ្វះខាតអ្នក ជំនាញក៏ដូចជាធនធាន មនុស្សសំខាន់ៗ ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សឱ្យបានកាន់តែច្រើនក្នុងគោល បំណងពន្លឿនការអភិវឌ្ឍ។

បើទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា នាពេលបច្ចុប្បន្ននេះ បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំឧត្តមសិក្សាសារធារណៈ និងជាពិសេសទៅទៀតនោះ អនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារឯកជនជាច្រើន បានចូលរួមចំណែកយ៉ាងសកម្មក្នុងការ អភិវឌ្ឍធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍប្រទេសឱ្យកាន់តែរីចម្រើន។

ទន្ទឹមគ្នានេះ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាចាត់ទុកថា ជាវិស័យអត្ថិភាពមួយផងដែរ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារធានាសមធម៌ និងប្រសិទ្ធភាពដូចចែងក្នុងយុទ្ធ សាស្ត្រចតុកោណ។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ មានចក្ខុវិស័យក្នុងការធានា និងលើកកំពស់លក្ខខណ្ឌការងារល្អប្រសើរ ពង្រឹងភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ បង្កើតបរិយាកាសការងារ និងបង្កើនឱកាសការងារ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈ ឱ្យស្របទៅតាមតម្រូវការទីផ្សារ ការងារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋសំដៅសម្រេចបាននូវការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយសមធម៌ទាំងបរិមាណ និងគុណភាព។

លោកអភិបាលខេត្តបន្តថា វិទ្យាស្ថានអាស៊ីកម្ពុជា បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជា វិស័យសេដ្ឋកិច្ច និងសង្គមកិច្ចផងដែរ។ ម្យ៉ាងវិញ ទៀត វិទ្យាស្ថានអាស៊ីកម្ពុជា ក៏បានចូលរួមចំណែកក្នុងការ បង្កើតការងារពេញម៉ោង និងក្រៅម៉ោងដល់ បុគ្គលិកសាស្ត្រាចារ្យមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនសហគ្រាសនិងអង្គការនានា ដោយពួកគេទទួលបាន ការងារធ្វើនៅតាមស្ថាប័នរដ្ឋ និងឯកជនស្មើនឹង ៩៧.២% និងបើកអាជីវកម្មផ្ទាល់ខ្លួន២.២៨%។

លោក អភិបាល ក៏បានអំពាវនាវដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យវិទ្យាស្ថាន អាស៊ី កម្ពុជាទាំងអស់ឱ្យខិតខំប្រឹងប្រែងទ្វេរដងថែមទៀត ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពអប់រំ ដើម្បីជាវិភាគទានដ៏ថ្លៃថ្លាក្នុងការស្តារនិងការអភិវឌ្ឍធនធានមនុស្ស រួមទាំងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដែលស្ថិតក្នុងកន្សោមអត្ថិភាព នៃវិស័យអប់រំ៕