(សៀមរាប)៖ ប្រទេសជាសមាជិកនៃទន្លេមេគង្គ-ឡានឆាង រួមមានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានរៀបចំរាត្រីវប្បធម៌ និងពិព័រណ៍រូបថត នៃទិវាសប្ដាហ៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥។

កម្មវិធីរាត្រីវប្បធម៌ និងពិព័រណ៍រូបថតនេះ ប្រព្រឹត្តទៅក្រោមវត្តមានរបស់លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការ ផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) លោក LU Qizhi ប្រធានការិយាល័យកុងស៊ុល ចិន ប្រចាំខេត្តសៀមរាប, លោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីមេគង្គ-ឡានឆាងកម្ពុជា, លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ដែលរៀបចំឡើងនៅបរិវេណភូមិបុរាណ នៃសណ្ឋាគារបុរីអង្គរ រីសត និងស្ប៉ា។

ថ្លែងក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានថ្លែងថា ទិវាសប្តាហ៍មេគង្គ-ឡានឆាង ជាផ្នែកមួយដ៏សំខាន់នៃលេខាធិការដ្ឋានជាតិកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (NSC-MLC) ដើម្បីបង្ហាញពីសាមគ្គីភាពរបស់យើង សម្រាប់ចក្ខុវិស័យ និងគោលដៅរួម។

លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ បន្តថា ឆ្នាំនេះ ទិវារត់កម្សាន្ត អបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ព្រមទាំងរៀបចំកម្មវិធីរាត្រីវប្បធម៌ ពិព័ណ៌រូបថត និងការប្រមូលថវិកាដើម្បី ជួយដល់មូលនិធិគន្ធបុប្ផា កម្ពុជាផងដែរ។

លោក មាស គឹមហេង បានឱ្យដឹងថា ប្រទេសជាសមាជិកនៃទន្លេមេគង្គ-ឡានឆាង រួមមានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលកិច្ចសប្រតិបត្តិការនេះផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៣ រួមមាន៖

ទី១៖ កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ
ទី២៖ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព
ទី៣៖ សង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន  រួមជាមួយវិស័យអាទិភាព សំខាន់ៗគឺ ការតភ្ជាប់ សមត្ថភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន ធនធានទឹក កសិកម្ម និង ការកាត់បន្ថយភាពក្រីក្រ។

សូមជម្រាបថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឬកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួបរួមដោយទន្លេតែមួយ (មេគង្គ-ឡានឆាង) ត្រូវបានបង្កើតឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងគោលបំណងធានាសន្តិភាព និងស្ថិរភាពក្នុងអនុតំបន់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសមេគង្គ និងប្រទេសចិន ដើម្បីកសាង សុខុមាលភាពប្រជាជន និងកសាងសហគមន៍នៃ អនាគតរួមប្រកបដោយសន្តិភាព និងវិបុលភាព៕