(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ លោក អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនលោកគ្រូអ្នកគ្រូ បងប្អូនប្រជាការពារ និងក្រុមយុវជន ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យអបំរំ និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដើម្បីធានាឱ្យបាននូវភូមិឃុំមានសុវត្ថិភាពល្អប្រសើរ។

ក្នុងពិធីសំណេះសំណាលនាឱកាសនោះដែរ ក៏មានការចូលរួមពីលោក ទិត សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោក នន់ សុផល ប្រធានក្រុមការងារចុះជួយឃុំកំពង់គោ លោក អៀង សុភាព ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកស្នងការនគរបាលខេត្តកំពង់ធំ អភិបាលរងស្រុក នាយកសាលា លោកគ្រូអ្នកគ្រូ មន្ត្រីរដ្ឋបាល យុវជន និងបងប្អូនប្រជាពលរដ្ឋឃុំកំពង់គោ ប្រមាណជាង ៤០០នាក់។

លោក អេង ទូច បានសំដែងនូវការកោតសរសើរចំពោះប្រជាពលរដ្ឋ និងរដ្ឋបាលក្នុងមូលដ្ឋានដែលបានចូលរួមថែរក្សាសុខសន្តិភាព និងបានគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំដ៏ប៉ិនប្រសប់និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រេចបាននូវសមិទ្ធផលជាច្រើនជូនប្រជាជន។

លោកបានបន្តថា សមិទ្ធផលជាច្រើនបានកើតឡើងជាបន្តបន្ទាប់ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បន្ថែមលើសមិទ្ធផលដែលមានពីមុនមក រួមមាន ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន វត្តអារាម មណ្ឌលសុខភាព ជាពិសេសការរីកចម្រើនក្នុងជីវភាពរស់នៅរបស់ប្រជាជន ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានដាក់ចេញនូវសកម្មភាពការងារផ្សាភ្ជាប់ផ្ទាល់ជាមួយប្រជាជនក្នុងមូលដ្ឋាន ទាំងការគិតគូពីសេដ្ឋកិច្ចគ្រួសារ និងពង្រីកសក្កានុពលទេសចរ ការទាក់ទាញអ្នកវិនិយោគគិនជាដើម។ល។

លោក អេង ទូច ក៏បានលើកឡើងផងដែរ អំពីកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅបន្តរក្សាឱ្យបានរឹងមាំនូវចលនាការនៃសុខសន្តិភាព ក៏ដូចជាពូនជ្រំនិងពង្រឹងសមិទ្ធផលនៃកិច្ចអភិវឌ្ឍដែលសម្រេចបាននាពេលកន្លងមក និងដើម្បីកសាងនិងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកបានបន្តថា ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស និយាយជារួម និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និយាយដោយឡែក បាននិងកំពុងទទួលបាននូវអត្ថប្រយោជន៍ពីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល។ លោក អេង ទូច បានសំណូមពរឱ្យបងប្អូនទាំងអស់ សូមកុំជឿការញុះញង់ផ្សេងៗ តែសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីចូលរួមការពារនិងថែរក្សាសុខសន្តិភាព និងនាំប្រទេសជាតិយើងឆ្ពោះទៅកាន់ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ទាប់ពីសំណេះសំណាលរួចមក លោក អេង ទូច ក៏បាននាំយកអំណោយរបស់លោក វង្សី វិស្សុត ជូនលោកគ្រូអ្នកគ្រូ បងប្អូនប្រជាការពារ និងក្រុមយុវជន ដែលរួមមាន៖ ម៉ូតូម៉ាក Honda VAVE ចំនួន ០២គ្រឿង, កំព្យូទ័រលើតុចំនួន ០១គ្រឿង, ម៉ាស៊ីន Printer ចំនួន ០១គ្រឿង, ម៉ាស៊ីន LCD ចំនួន០១គ្រឿង, ផ្ទាំងស្លាយចំនួន ០១, វិទ្យុទាក់ទងចំនួន ៣៨គ្រឿង, សម្លៀកបំពាក់ប្រជាការពារចំនួន ១៨២កំភ្លេរ, អាវយុវជនចំនួន ៧២អាវ និងបានឧបត្ថម្ភថវិកាមួយចំនួនទៀត ព្រមទាំងបានប្រគេនបច្ច័យព្រះចៅអធិការវត្ត ចំនួន ២ ម៉ឺនដុល្លារអាមេរិក សម្រាប់ការកសាងព្រះពុទ្ធរូបក្នុងវត្តកំពង់គោ សម្រាប់ពង្រឹងវិស័យពុទ្ធចក្រឱ្យបានជាឧត្តមប្រយោជន៍ដល់ពុទ្ធបរិស័ទបដិបត្តិនាំមកនូវមកនូវសេចក្តីសុខ សេចក្តីចម្រើន រុងរឿង យូរអង្វែងតរៀងទៅ៕