(ស្វាយរៀង)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកស្រី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកដំណើរការពិនិត្យ និងព្យាបាលជំងឺផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅអនុវិទ្យាល័យអណ្ដូងពោធិ៍ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្ដស្វាយរៀង។
កម្មវិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូពេទ្យ នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងប្រជាពលរដ្ឋ សរុបប្រមាណ ៨០០០ នាក់ ដែលការផ្ដល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋរបស់ក្រុមការងារថ្ងៃនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះ លោមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចូលរួមផ្ដល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុករមាសហែក ក៏ដូចជាបានចូលរួមក្នុងវិស័យសុខាភិបាលក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ។
ជាថ្មីម្ដងទៀត លោកប្រធានក្រុមការងារ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុករមាសហែក បានសម្ដែងនូវការអបអរសាទរចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលព្រះមហាក្សត្រ បានសព្វព្រះហឫទ័យ ព្រះរាជទាន ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ៕