(ភ្នំពេញ)៖ នាយប់ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់អាជ្ញាធរសុខាភិបាល របស់តំបន់រដ្ឋបាល ពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចខាងលើនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី គ្រោងនឹងជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យ និងសាកលវិទ្យាល័យ និងថ្នាក់ដឹកនាំផ្សេងទៀត នៃតំបន់រដ្ឋបាល ពិសេសហុងកុងផងដែរ។
គោលបំណង នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីសិក្សាអំពីលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសដើម្បីស្វែងយល់បន្ថែមក្នុងការជំរុញការអនុវត្តអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រយៈពេល៣ថ្ងៃពេញនេះ គណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសុខាភិបាល ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់បំផុតដល់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ជាពិសេសគឺពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាមិត្តដែកថែប ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបាននិងកំពុងចូលរួមចំណែកក្នុងការពង្រឹងសន្តិភាព សន្តិសុខសុខភាពប្រទេស តំបន់ និងពិភពលោក៕