(ក្រចេះ)៖ ទីណាមានទុក្ខ ទីនោះមានការជួយសម្រាលការលំបាកពីអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ជាក់ស្ដែងនៅប៉ុន្មានថ្ងៃមកនេះ មានគ្រោះថ្នាក់ធម្មជាតិកើតឡើងនៅស្រុកចិត្របុរី និងស្រុកព្រែកព្រសប់ ខេត្ដក្រចេះ ដែលខ្យល់កន្ដ្រាក់បណ្ដាលឱ្យរងការប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន ២៥០គ្រួសារ ។

បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការីជាច្រើនរូបទៀត ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយសម្រាលការលំបាកជួយប្រជាពលរដ្ឋទាំង ២៥០គ្រួសារខាងលើនេះ នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក យូ ឡាណា បានថ្លែងថា ក្រោយពីទទួលបានព័ត៌មានអំពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បង្កឱ្យមានផលប៉ះពាល់ ដល់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានខាងលើនេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្ដេចតិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់លោក និងក្រុមការងារថ្នាក់កណ្តាល សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌មកចែកជូនបងប្អូនប្រជាពលរដ្ឋ រងផលប៉ះពាល់ ដោយខ្យល់កន្ត្រាក់ នៅពេលនេះ ឱ្យបានទាន់ពេលវេលា ដើម្បីជួយសម្រាល ការខ្វះខាតក្នុងជីវភាពរស់នៅក្នុងពេលដែលបងប្អូនរងឥទ្ធិពលពីគ្រោះធម្មជាតិនេះ។

លោកបានបញ្ជាក់ថា គ្រោះអន្តរាយខ្យល់កន្ត្រាក់នេះមិនមែនកើតមានតែក្នុងខេត្តក្រចេះនេះទេ នៅខេត្តសៀមរាប ក៏មានប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នេះដែរ។ ជាមួយនេះលោកអគ្គលេខាធិការងទី២ បានជម្រាប ជូនប្រជាពលរដ្ឋផងដែរថា កាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយខ្យល់កន្ត្រាក់នាពលនេះ និងជនងាយរងគ្រោះបំផុតនៅតាមបណ្តាមូលដ្ឋានផ្សេងៗទៀត គឺអាស្រ័យដោយការចូលរួមបរិច្ចាគថវិកា និងសម្ភារៈពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន នៅក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាជារៀងឆ្នាំ ហើយថវិកាសប្បុរសធម៌ទាំងអស់នោះ ត្រូវបាន កាកបាទក្រហមកម្ពុជា ប្រើប្រាស់ តែនៅក្នុងសកម្មភាព មនុស្សធម៌តែប៉ុណ្ណោះ។

ជាក់ស្តែងក្រៅពីទិញជាស្បៀងសម្ភារៈសម្រាប់ចែកជូនដល់ ជនរងគ្រោះ និងងាយរងគ្រោះបំផុត ដើម្បីជួយសម្រាលការខ្វះខាត ក្នុងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនោះ កាកបាទក្រហមកម្ពុជាក៍បានប្រើប្រាស់ថវិកាទាំងអស់នេះ ទៅលើការសង់ផ្ទះជូនទុរគតជន ជីកស្រះទឹកអណ្តូងទឹក ការងារសុខភាព នៅតាមសហគមន៍ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើន។

ក្នុងឱកាសនោះលោកអគ្គលេខាធិការរងទី២ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់នៅក្នុងការថែទាំ សុខភាព តាមរយៈ ការធ្វើលំហាត់ប្រាណ ការបរិភោគអាហារដែលមានគុណភាព ដើម្បីការពារ ជំងឺឆ្លងនិងមិនឆ្លងនានា ដែលកំពុង កើតមានឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែបើមានជំងឺ ត្រូវប្រញាប់ទៅ មណ្ឌល់សុខភាព ឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យជំនាញច្បាស់លាស់ ចៀសវាងមានគ្រោះថ្នាក់ ដោយប្រការផ្សេង។ លើសពីនោះបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានកូនចៅ សូមណែនាំពួកគេ ត្រូវគោរពច្បាប់ចរាចរណ៍ និងចៀសឆ្ងាយពីគ្រឿងញៀន ខិតខំរៀនសូត្រ ដើម្បី អនាគត របស់ខ្លួន គ្រួសារ និងសង្គមជាតិ។

លោកក៏បានបញ្ជាក់ទៀតថា ក្រោមដំបូលនៃសុខសន្តិភាព ទាំងរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ក្នុងនាមការស្ថាប័នមនុស្សធម៌ដ៏ជាងគេនៅកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរមូលដា្ឋន លើការងារមនុស្សធម៌ នឹងប្រឹងប្រែងអស់ពីលទ្ធភាព ជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតឱ្យបានទាន់ពេលវេលា ដូចជាក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងនាពេលនេះជាដើម។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីជួយសម្រួលដល់ ការរស់នៅ និងបង្កើនកម្រិតជីវភាព របស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។

អំណោយមនុស្សធម៌ដែលត្រូវបានចែកជូន ប្រជាពលរដ្ឋ រងផលប៉ះពាល់ ដោយខ្យល់កន្ត្រាក់ ក្នុងពេលនេះគឺគ្រួសារនីមួយៗ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរនិងឃីតចំនួន១ក្នុងនោះមាន មុង ១ ក្រមា ១ ភួយ១និង សារុង១និងថវិកាមួយចំនួន។

ដោយឡែកក្រៅពីពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះដែរលោកអគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ ជនងាយរងគ្រោះបំផុត ចំនួន១១គ្រួសារទៀត តាមខ្នងផ្ទះដែលសុទ្ធជាចាស់ជរាឥតទីពឹងនិងអ្នកមានជំងឺ។

ក្នុងឱកាសនោះលោកបានថ្លែងទៅកាន់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅតាមខ្នងផ្ទះនីមួយៗថា ដោយមើលឃើញពីស្ថានភាពក្រុមគ្រួសារទាំងអស់កំពុងមានជីវភាព ខ្វះខាតខ្លាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោក និងសហការី សហការជាមួយ ថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះនាំយក អង្ករ មី ត្រីខ ឃីត និងថវិកា មួយចំនួន ប្រគល់ជូន ដោយផ្ទាល់ ដៃតែម្តង ដើម្បីជួយសម្រួលការលំបាករបស់ចាស់ជរាឥតទីពឹងទាំងអស់គ្រាន់បានដោះស្រាយបញ្ហាជីវភាពបានមួយគ្រា។

ជាមួយគ្នានេះ លោកអគ្គលេខាធិការរងទី២ ក៏បាននាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមជូនពរឲ្យប្រជាជនចៀសឆ្ងាយពីជំងឺទាំងឡាយទាំងពួង និងសូមថែទាំ សុខភាព ឲ្យបានល្អ ដោយរស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ ។

សម្រាប់អំណោយមនុស្សធម៌ ត្រូវបានចែកជូនដល់គ្រួសារនីមួយៗ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ឃីតចំនួន១ និងថវិកាមួយចំនួនផងដែរ។

ជាកិច្ចឆ្លើយតបគ្រួសាររងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ទាំង១៣៧គ្រួសារនិងគ្រួសារជនងាយរងគ្រោះបំផុតចំនួន១១គ្រួសារទៀត ក្នុងស្រុកចិត្របុរីនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងតែគិតគូរយកចិត្តទុកដាក់និង បានចាត់ សហការី ចុះមកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌មកចែកជូន ដោយមិនប្រកាន់ពី វណ្ណៈ ពណ៌សម្បុរ និន្នាការនយោបាយ និងមិនទុកនរណាម្នាក់ ចោលនោះឡើយ។

ជាក់ស្តែងការអញ្ជើញនាំយកអំណោយមនុស្សធម៌ ចែកជូនជនងាយរងគ្រោះបំផុត តាមខ្នងផ្ទះនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពគ្រួសារងាយរងគ្រោះនីមួយៗ បានច្បាស់លាស់ និងផ្តល់អំណោយមនុស្សធម៌ បានចំគោលដៅ អ្នកងាយរងគ្រោះបំផុត ពិតប្រាកដនិងទាន់ពេលវេលា៕