(ភ្នំពេញ)៖ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា តំណាងឲ្យអាជីវករពិឃាត និងអាជីវករលក់សាច់ជ្រូកស្នើក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ និងពិនិត្យតម្លៃជ្រូករស់ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនហក់ឡើងខ្លាំង ក្នុងរយៈពេលមួយខែចុងក្រោយនេះ ពោលតាមការប៉ាន់ប្រម៉ាណលើតំលៃជ្រូករស់បច្ចុប្បន្ន១១,៤០០រៀល ក្នុង១គីឡូ ដែលកាលពីពេលមុនត្រឹម៩,០០០រៀលប៉ុណ្ណោះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនបើកកិច្ចប្រជុំស្ដីពីបញ្ហាក្រុមហ៊ុនចិញ្ចឹមជ្រូកសហការគ្នាលក់តម្លៃខ្ពស់ និងកំពុងដណ្ដើមមុខរបរ ពីអាជីវករពិឃាត និងអាជីវករលក់សាច់ជ្រូក ដែលមានការរួមប្រមាណ៣០០នាក់ ដែលសុទ្ធតែជាសមាជិក សមាគម អាជីវករលក់សាច់ជ្រូក ពិឃាតជ្រូកព្រមទាំងកម្មករ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ លោក សាន់ ចាន់ថេត បានលើកឡើងថា បច្ចុប្បន្នប្រភពជ្រូករស់ដែលយកមកពិឃាតលក់នៅលើទីផ្សារប្រទេសកម្ពុជា ពិសេសក្នុងទីក្រុងភ្នំពេញ ត្រូវបានក្រុមហ៊ុនជាអ្នកចិញ្ចឹម ផលិតចេញមកស្ទើរតែទាំងអស់ ចំណែកកសិករចិញ្ចឹមលក្ខណៈគ្រួសារមានតិចតួចបំផុតស្ទើរតែមិនបាន ៥ភាគរយផង នេះហើយដែលជាហេតុចំបងធ្វើអោយក្រុមហ៊ុនគ្រប់គ្រងទាំងស្រុងលើទីផ្សារជ្រូករស់។

លោកបានអះអាងថា ហេតុផលមួយទៀត ក្រុមហ៊ុនដែលផលិតជ្រូកទាំងនោះគេបានសហការគ្នា លក់ក្នុងតំលៃតែមួយ ហេតុនេះអាជីវករទាំងអស់គ្មានជម្រើសទេក្រៅពីត្រូវតែទទួលយក។

បន្ថែមពីលើនេះ លោកបានលើកឡើងពីបញ្ហាប្រឈមរបស់អាជីវករមួយទៀត គឺក្រុមហ៊ុនវិនិយោគមួយចំនួន បានកាប់ជ្រូកយកទៅលក់ផ្ទាល់ក្នុងទីផ្សារ ដណ្តើមម៉ូយពីអាជីវករ ក្នុងពេលដែលអាជីវករទិញជ្រូកពីក្រុមហ៊ុនមកកាប់លក់រាល់ថ្ងៃ។ ជាងនេះ ក្រុមសមាជិកសមាគម ព្រមទាំងអាជីវករលើកចម្ងល់ សួរថាតើក្រុមហ៊ុនវិនិយោគបរទេស អាចមានសិទ្ធមកលក់ដេញម៉ូយ ផ្តាច់អាជីពពីអាជីវករតូចតាចម្ចាស់ស្រុកបានដែរឬយ៉ាងណា?

ចំពោះបញ្ហាប្រឈមទាំងអស់នេះ លោក សាន់ ចាន់ថេត តំណាងឲ្យអាជីវករពិឃាត និងអាជីវករលក់សាច់ជ្រូកទូទាំងប្រទេសលើកសំណើ និងសំណូមពរជូនដល់លោក តាន់ ផាន់ណារ៉ា ប្រធានអគ្គនាយកដ្ឋានបសុពេទ្យ, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធជួយពិនិត្យលើកការប្រឈមរបស់ពួកគាត់។

លើសពីនេះ ពួកគាត់ស្នើឲ្យក្រុមហ៊ុនបញ្ឈប់ ការពិឃាតជ្រូកយកទៅលក់ផ្ទាល់ដល់ទីផ្សារ ដែលនាំឲ្យអាជីវករ ត្រូវបាត់អាជីពចិញ្ចឹមជីវិតប្រចាំថ្ងៃ ពិសេសក្រុមហ៊ុនវិនិយោគបរទេសនេះតែម្តង៕