(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើង ក្នុងពិធីសម្ភោធអគារបណ្ណាល័យ វិទ្យាល័យ តាអោក ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុងនោះលោកស្រីបណ្ឌិត បានលើកឡើងថា បណ្ណាល័យមានសារៈសំខាន់ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការបណ្ដុះទម្លាប់អាន និងវប្បធម៌សិក្សាពេញមួយ ជីវិតដល់សិស្ស និងសហគមន៍ទូទៅ។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងពិធីសម្ភោធអគារបណ្ណាល័យ វិទ្យាល័យ តាអោក ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «បណ្ណាល័យមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់គុណភាពអប់រំ ការសិក្សាស្រាវជ្រាវរបស់សិស្ស ការបណ្ដុះទម្លាប់អាន និងវប្បធម៌សិក្សាពេញមួយ ជីវិតដល់សិស្ស និងសហគមន៍ទូទៅ និងគាំទ្រដល់ការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ នៅតាមសាលារៀនផងដែរ ដូច្នេះហើយបានជា ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ពសៀវភៅឯកសារជាច្រើន សម្រាប់គាំទ្រដល់គ្រឹះស្ថានសិក្សានានា»។
លោកស្រីបណ្ឌិតបញ្ជាក់ថា ទោះបីជាភាពរីកចម្រើននៃបច្ចេកវិទ្យា ធ្វើឱ្យសិស្សនិស្សិតនាពេលបច្ចុប្បន្ននេះអាច ស្វ័យសិក្សា និងអានឯកសារតាមរយៈប្រព័ន្ធអេឡិចត្រូនិច ប៉ុន្តែនៅតែមានសិស្ស-និស្សិត និយមចូលចិត្ត ឬបន្តជ្រើសរើសទៅសិក្សា ស្រាវជ្រាវ និងអានសៀវភៅនៅទីតាំងបណ្ណាល័យផ្ទាល់។
លោកស្រីបណ្ឌិបន្ថែមថា នាពេលបច្ចុប្បន្នក្នុងបណ្ណាល័យ មិនត្រឹមតែមានតែសៀវភៅបោះពុម្ព ដាក់តាំងនៅលើធ្នើរប៉ុណ្ណោះទ ប៉ុន្តែបណ្ណាល័យថែមទាំងបានផ្ដល់នូវភាពសម្បូរបែបជាច្រើនទៀត ដូចជាបណ្តាញតភ្ជាប់ទៅកាន់ គេហទំព័រ ទាញយកសៀវភៅមួយចំនួនទៀតដែលពុំមាន ឬពុំទាន់បោះពុម្ព។ លើសពីបណ្ណាល័យមានការផ្តល់ជូននូវសេវាកម្ម ឥតគិតថ្លៃនានា តាមរយៈបណ្ណារក្ខដែលប្រចាំការ នៅទីតាំងបណ្ណាល័យនីមួយៗដោយផ្ទាល់។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា សិស្សានុសិស្សទាំងអស់ ពិតជាបានយល់ និងស្រឡាញ់ ចូលចិត្តការអាន ព្រោះការអាន និងស្វ័យសិក្សាបន្ថែមទៀត ទើបធ្វើឱ្យសិស្សអាចទទួលបាននូវចំណេះដឹងថ្មីៗ និងអភិវឌ្ឍខ្លួនកាន់តែរីក ចម្រើនទៅពេលអនាគត។ ម្យ៉ាងវិញទៀត ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងបន្តលើកកម្ពស់ ការអប់រំដល់សិស្សានុស្សា តាមរយៈ ការឧបត្ថម្ភវគ្គបំប៉នបន្ថែម និងឯកសារមេរៀនជារៀងរាល់ឆ្នាំ សម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) ផងដែរ។
សូមបញ្ជាក់ថា អគារបណ្ណាល័យដែលបានបង្កើត ក្នុងវិទ្យាល័យតាអោក គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត មានទំហំ ១២ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ បានរចនាដោយគិតគូរ គ្រប់ជ្រុងជ្រោយអំពីផាសុកភាព ខ្យល់ចេញ-ចូល ពន្លឺគ្រប់គ្រាន់ ក្រោមការឧបត្ថម្ភគាំទ្រ ផ្នែកហិរញ្ញវត្ថុ ដោយធនាគារឯកទេស ខេប៊ី ដេហាន ម.ក, ក្នុងនោះតំណាងធនាគារជាតិនៃកម្ពុជា ក៏បាននាំយកអំណោយ និងប្រាក់ ឧបត្ថម្ភ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ៤០០នាក់រួមមាន៖ ប្រាក់ឧបត្ថម្ភរៀបចំកម្មវិធីចំនួន២លានរៀល, ឧបត្ថម្ភជូនមន្ត្រីរាជការចំនួន៥០នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកា៣ម៉ឺនរៀល, នាយក នាយករង លោកគ្រូ និងអ្នកគ្រូ៥០នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកា៣ម៉ឺនរៀល, សិស្សានុសិស្ស (ថ្នាក់ទី១១-១២) ចំនួន២០០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ២ក្បាល ប៊ិក២ដើម ខ្មៅដៃ១ដើម និងថវិកា២ម៉ឺនរៀល និងឧបត្ថម្ភជូនតំណាងមាតាបិតា និងប្រជាពលរដ្ឋចំនួន១០០នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកា២ម៉ឺនរៀល៕