(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប ព្រះអង្គដងកើ និងកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ធផលនានា នៅរមណីយដ្ឋាន «ភ្នំនាគស» ដែលបានកសាង-សង់រួចជាស្ថាពរ មានតម្លៃជាង៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

កម្មវិធីនេះប្រារព្ធធ្វើរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៥ ដោយមានពិធីក្រុងពាលី និងសែនបែបសាសនាជីវចល សូត្រពិស្តារ និមន្តព្រះសង្ឃធ្វើពិធីពុទ្ធាភិសេកព្រះពុទ្ធរូប ព្រះអង្គដងកើ និងមានរាប់បាត្រ ប្រគេនព្រះសង្ឃ ចំនួន៥៣អង្គ ដែលនិមន្តមកពីបណ្តាវត្ត ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរផងដែរ។

បើតាមលោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង និងជាស្ថាបនិកទីតាំងនេះផ្ទាល់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា រមណីយដ្ឋានភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់ គឺជារមណីយដ្ឋានមួយ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលមានទេសភាពស្រស់ត្រកាល គួរជាទីគយគន់។ រមណីយដ្ឋាននេះ ក៏ជារមណីយដ្ឋានវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រមួយ ដែលបានផ្ដួចផ្ដើមកសាងឡើង ដោយរូបលោកផ្ទាល់ ក្រោមការជួយជ្រោមជ្រែង ពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិសេសមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អភិបាលខេត្តគ្រប់ជំនាន់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយហេតុថា ការបង្កើតរមណីយដ្ឋាននេះឡើង គឺបានជួយការពារព្រៃឈើ ធម្មជាតិ និងសត្វព្រៃឱ្យនៅគង់វង្ស ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួន។

លោកអគ្គនាយករងអគ្គិសនីកម្ពុជា បានបន្តថា ក្នុងរយៈពេលជិត០៦ឆ្នាំមកនេះ លោកបានចំណាយថវិកា សរុបរួមប្រមាណជិត៤លានដុល្លារ ដែលបានមកតាមរយៈការគៀងគរពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រួមទាំងថវិកាបដិភាគរបស់លោកផ្ទាល់ ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ក្នុងន័យទាក់ទាញភ្ញៀវទេសចរ និងផ្តល់កន្លែងដើរលេងកម្សាន្ត លំហែអារម្មណ៍បែបធម្មជាតិ ដោយឥតគិតថ្លៃ អាចឱ្យប្រជាពលរដ្ឋបានសិក្សាស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ ដែលមាននៅទីតាំងនេះ។

លោក អេង គន្ធា បានបន្ថែមថា សមិទ្ធផលដែលមានក្នុងរមណីយដ្ឋាននេះរួមមាន៖ «ប៉មទស្សនារូបភាព៣៦០ដឺក្រេ ទំនប់បង្ហៀរ ចម្លាក់ព្រះពុទ្ធរូប រូបអ្នកមានបារមី រូបសំណាកលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ រូបសំណាកព្រះនាងរំសាយសក់ រូបសំណាកសត្វ ផ្លូវបេតុង កន្លែងអង្គុយលេងកំសាន្ត កន្លែងបាញ់ទឹក រូបព្រះអង្គតូច ព្រះអង្គធំ បាតដៃព្រះ ទីលានយន្ដហោះ ផែនទីពិភពលោក និងផ្ទាំងថ្មតូចធំ សួនផ្កាចម្រុះពណ៌ ដែលមានម្លប់ដើមឈើត្រឈឹងត្រឈៃ លំអរដោយភ្លើងអគ្គីសនី ភ្លើងសូឡា ផ្ទះសាងស្នេហ៍ សួនផ្កាទឹករាំ ព្រះពុទ្ធរូបចំនួន១៦៨អង្គ រូបសំណាកព្រះគោ ព្រះកែវ រូបសំណាកគូរស្នេហ៍ ចាស់ព្រឹទ្ធាចារ្យ និងរូបសំណាកសត្វកម្រ ដែលជិតផុតពូជមួយចំនួនទៀត»

លោកបានឱ្យដឹងថា សម្រាប់សមិទ្ធផលថ្មី ដែលត្រូវសម្ពោធឆ្លងនាពេលនេះ គឺមានតម្លៃប្រមាណជាង៤ម៉ឺនដុល្លារ រួមមានព្រះអង្គដឹកដៃព្រះរាហ៊ុលទៅបួស ព្រះអង្ពប្រសូត្រ​ ព្រះអង្គសមាធិ ព្រះអង្គដងកើ និងសមិទ្ធផលនានាជាច្រើនទៀត។ រាល់អ្វីៗដែលកើតមានសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះហើយយើងត្រូវរួមគ្នាថែរក្សាសន្ដិភាព ឱ្យនៅគង់វង្សជារៀងរហូតតរៀងទៅ។

លោកបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ ក្រសួងធនធានទឹក និងឧតុនិយម ដោយបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល និងដោយបានការចូលរួមសហការ ពីអាជ្ញាធរដែនដី អង្គការជាតិ និងអន្តរជាតិ បានសម្រេចជួសជុល និងសាងសង់សំណង់សិល្បការ្យ ទំនប់អាងទឹកអ្នកតាធំ ក្នុងឃុំអន្សាចំបក់ ស្រុកក្រគររបស់យើង ដើម្បីផ្តល់ជូនប្រជាពលរដ្ឋបានប្រើប្រាស់ជាប្រយោជន៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ជាពិសេសបានប្រែក្លាយតំបន់នេះ ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញផងដែរ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុង និងក្រៅខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក​ ពុទ្ធសករាជ២៥៦៨ គ្រឹះសករាជ២០២៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕