(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញបើកមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសបើកមហាសន្និបាតនោះថា មហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម នាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់លោក លោកសី សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់កំពង់ចាម របស់យើង ក្នុងការបន្តនូវចីរភាពដល់សមាគមមួយដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួម ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ វិសហមជ្ឈការ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

អភិបាលខេត្តបន្តថា មហាសន្និបាតអាណត្តិទី៤ នាពេលនេះ គឺជាឱកាសដែលសមាគម បង្ហាញនូវសមិទ្ធផលដែលខ្លួនសម្រេចបានក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង-ស្រុក, ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់នៅក្នុងខេត្តកំពង់ចាម។

ជាមួយគ្នានេះ មហាសន្និបាតអាណត្តិទី៤ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់គឺពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម និងដំណើរការ បោះឆ្នោតជ្រើសរើសអង្គអភិបាល កិច្ចរបស់សមាគម សម្រាប់អាណត្តិទី៤ មានជាអាទិ៍ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សា និងសមាជិកគណៈកម្មាធិការប្រតិបត្តិសមាគម។

អភិបាលខេត្តកំពង់ចាម បានយកឱកាសនោះថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នា របស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ជាក់ស្ដែងក្នុងរយៈពេល ៥ឆ្នាំកន្លងមក ដោយនាំមកនូវសមិទ្ធផលជាច្រើន ជូនដល់ សមាជិកស្របតាមគោលបំណង និងទិសដៅរបស់សមាគមក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង-ស្រុក និងឃុំ-សង្កាត់។

លោកអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់លោក លោកស្រី ជាប្រតិភូក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ សូមយកចិត្តទុកដាក់ និងចូលរួមពិភាក្សា និងអនុម័តលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង ក្នុងគោលបំណង បង្កើនការយល់ដឹងឲ្យស៊ីជម្រៅអំពីតួនាទីភារកិច្ច និងដំណើរការរបស់សមាគម ក្នុងការការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាក្រុង-ស្រុក នឹងឃុំ-សង្កាត់៕