(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីក្រុងពាលី និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តដើម្បីបួងសួងសុំនូវសេចក្តីសុខសប្បាយ ក្នុងការបើកដំណើរការរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តឧត្ដរ» ឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅបរិវេណព្រះគណេស សួនច្បារបឹងស្នោ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
ការរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តឧត្ដរ» នេះឡើង គឺមានគោលបំណងថែរក្សាបានប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ក៏ដូចជាដើម្បីស្វាគមន៍ អបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី» ដែលនឹងយាងមកគ្រង អភិបាលរក្សាលោក ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ គ.ស.២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
រដ្ឋបាលខេត្តឧត្ដរមានជ័យ ក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមលេងកម្សាន្ត «សង្រ្កានឧត្ដរ» ឲ្យបានច្រើនកុះករ ដែលប្រព្រឹត្តធ្វើឡើងក្នុងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារផ្លូវភ្លោះមាត់បឹងស្ទោ មុខសាលាខេត្ត។
គួបញ្ជាក់ថាព្រឹត្តិការណ៍ «សង្ក្រាន្តឧត្តរ» ក៏មានរៀបចំកិច្ចបវេណីសាសនានានា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីសម័យ-បុរាណ ដើម្បីរាំកម្សាន្តតាមប្រពៃណីខ្មែរ រួមជាមួយនឹងការតាំងលក់ ផលិតផលប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងល្បែងកម្សាន្តកុមារផងដែរ៕