(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង ដឹកនាំដោយ លោក លាង វាសនា អភិបាលក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង ព្រមទាំងសហការី នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាក្រុង ទៅផ្តល់ជូនប្រជាពលរដ្ឋចំនួន១ គ្រួសារដែលរងគ្រោះដោយអគ្គិភ័យ កាលថ្ងៃទី ២៣មីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៧ស្ថិតនៅត្រង់ចំណុចក្រុមទី១៦ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
នាឱកាសនោះលោក លាង វាសនា បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។
លោកប្រធាន អនុសាខាបានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ ដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់ មកផ្តល់ជូនដល់ ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើមបើទោះបីអំណោយមានលក្ខណៈតិចតួចស្តួចស្តើងពុំអាចឆ្លើយតបទៅនឹងទំហំនៃការរងគ្រោះនេះក៏ពិតមែន ប៉ុន្តែយើងបានចូលរួមចំណែកក្នុងការជួយដោះស្រាយ នូវបញ្ហាខ្វះខាតរបស់បងប្អូនបានមួយកម្រិតផងដែរ។
ម៉្យាងវិញទៀតអំណោយដែលអនុសាខាក្រុងបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក លាង វាសនា បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះគឺជារដូវប្រាំង ដូចនេះការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ក៏ដូចជាចរន្តអគ្គិសនីជាដើម ប្រសិនបើយើងមានការធ្វេសប្រហែស តែបន្តិច វាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសនោះគឺអាយុជីវិតមនុស្ស និងសត្វផងដែរ។
អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកផ្តល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ ៥០ គីឡូ,ត្រីខ ១ យួរ,ទឹកត្រី និងទឹកស៊ីអ៊ីវ ១យូរ,មី ១កេស,សំពត់តង់២, ទឹកបរិសុទ្ធ១០យួរ និងថវិកាចំនួន ២០ម៉ឺនរៀលផងដែរ៕