(ភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញពិសាអាហារស្រាយបួសជាមួយបងប្អូនខ្មែរ-ឥស្លាម។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត Johari Bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងលោក Dato’ Ahmad Azam Abdul Rahman បេសកជនពិសេសប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជាផងដែរ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួម និងជួបបងប្អូន សាសនិកឥស្លាមសាជាថ្មី ក្នុងឱកាសពិសាអាហារស្រាយបួសខែរ៉ាម៉ាឌនឆ្នាំ២០២៥។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសសើរចំពោះ គណៈកម្មការរៀបចំពិធីពិសាអាហារស្រាយបួស ដែលមានលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីជាប្រធាន ដែលបានសហការរៀបចំពិធីនេះឡើង ដើម្បីបង្ហាញឱ្យឃើញនូវសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកបដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជាក្រោមម្លប់សុខសន្តិភាព ហើយក៏ជាការផ្ដល់ឱកាសសម្រាប់ឱ្យអ្នកចូលរួមពិធីបានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធ, ផ្លាស់ប្តូរគំនិតយោបល់, ចែករំលែកបទពិសោធល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា សំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថភាព ទាំងផ្លូវកាយ, ផ្លូវចិត្ត និងស្មារតី នៅក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្រាយបួសជាក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលសាសនិកខ្មែរឥស្លាម ទាំងនៅកម្ពុជា និងនៅទូទាំងសកលលោក, សុទ្ធតែធ្វើការប្រតិបត្តិដូចគ្នា ហើយនៅពេលផ្តើមចូលខែរ៉ាម៉ាឌន សម្តេចបានផ្ញើសារជូនពរសាសនិកឥស្លាមកម្ពុជា និងសាសនិកឥស្លាមនៅទូទាំងពិភពលោក និងជូនពរនៅពេលបញ្ចប់ខែរ៉ាម៉ាឌន ដោយជោគជ័យ ដែលអនុវត្តតាមគន្លងដ៏ល្អប្រពៃរបស់ សម្តេចតេជោ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិក នៃគ្រប់និកាយសាសនា, ប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ការយកសាសនា ទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែ មានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជានោះទ តែក៏ជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ដែលប្រទេស ជាច្រើនកោតសសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អ ជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជា ដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់សាសនិកនៅកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាព ដែលកន្លងមកលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស បានចូលរួមក្នុងសន្និសីទអន្តរជាតិឥស្លាមនៅតាមតំបន់ជាច្រើន ដើម្បីផ្សព្វផ្សាយអំពីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នៅរាជធានីភ្នំពេញ សម្តេចបានចូលរួមពិធីអន្តរជាតិធំៗ ចំនួនពីរ៖ ទី១) កិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និង ពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម(RABITA) ដែលជាលើកទី១ នៅលើទឹកដីកម្ពុជា ហើយក៏ជាលើកទី ១ នៅលើសកលលោក។ ការណ៍នេះ គឺជាមោទនភាពរបស់កម្ពុជាដែលមានថ្នាក់ដឹកនាំសាសនាឥស្លាម និងព្រះពុទ្ធមកពីបណ្តាប្រទសចំនួន៣៦ មានអ្នកចូលរួមជាង ១,១០០អង្គ/នាក់ បានផ្ដល់ជូនគ្នាទៅវិញទៅមកនូវបទពិសោធ នៃបណ្តាប្រទេសផ្សេងៗ និងគន្លងដ៏ល្អប្រពៃនៃការកាន់សាសនា ដែលបានពីភាពសាមគ្គី, រាក់ទាក់នឹងគ្នា ដោយគ្មានការបៀតបៀនពីគ្នា ឬ ជម្លោះ ឬ ភាពមិនប្រក្រតីណាមួយនោះឡើយ។ ទី២) ការរៀបចំសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក (RISEAP) ដែលមានតំណាងមកពីបណ្តាប្រទេសចំនួន ២៥ បានបង្ហាញពី សាមគ្គីភាព និង សុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាន នៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ខ្លួន ប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបន្តជំរុញការអនុវត្តការកែទម្រង់ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការ កសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៥-២០២៦ និងបានអនុម័ត
សេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និងមិត្តភាព ព្រមទាំងមានទំនាក់ទំនងល្អជាមួយសហគមន៍ សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ, ដោយឈរលើគោលការណ៍ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់។
* សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួន ដើម្បីឱ្យសហគមន៍បងប្អូនខ្មែរឥស្លាម ទទួលបាននូវការីកចម្រើនបន្ថែមទៀត ដូចខាងក្រោម៖
ទី១៖ ថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកប- ដោយសាមគ្គីភាព និងមិត្តភាពព្រមទាំងមានទំនាក់ទំនងល្អ ជាមួយសហគមន៍ សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ, ដោយឈរលើគោលការណ៍ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា
ទី២៖ សូមបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមាន សមត្ថកិច្ចតាមលំដាប់ថ្នាក់
ទី៣៖ អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយសម្រួលលើការសាងសង់សាលារៀន វិហារ ឥស្លាម (ម៉ាស្និទ-ស៊ូរ៉ាវ) ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងស្តីអំពីការកំណត់ និងការកសាងទីកន្លែងប្រតិបត្តិ សាសនា ទៅតាមបណ្តាភូមិ និងមានសាសនិកខ្មែរឥស្លាមរស់នៅឱ្យស្របតាម ក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេស ទៅតាមសា្ថប័នមានសមត្ថកិច្ច
ទី៤៖ សូមបង្កើនសកម្មភាពសង្គម តាមរយៈកិច្ចការងារមនុស្សធម៌, សុខុមាលភាព, ការអប់រំ, ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍ន ជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ទី៥៖ សូមបន្តជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានា យ៉ាងពេញលេញនូវសិទ្ធិសេរីភាពខាងសាសនាឥស្លាមនៅកម្ពុជា តាមរយៈ
សាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្មជាតិសាសន៍
និងសាសនា
ទី៦៖ សូមបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និង បច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមខ្មែរឥស្លាម ដោយ ចៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្ម, បង្កើតបញ្ហាមិនល្អ, បែកបាក់សាមគ្គី និង ភាពជ្រុលនិយមក្នុងសហគមន៍។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៥៖៤៧នាទីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញព័ត៌មាន Fresh News៕