(កំពត)៖ តំណាងអយ្យការអមសាលាដំបូងខេត្តកំពត បានសម្រេចចោទប្រកាន់បុគ្គលអ្នកសារព័ត៌មាន ចំនួន៣នាក់ ពាក់ព័ន្ធករណីកំហែងយក (គំរាមទារប្រាក់) នៅខេត្តកំពត ពីកាស៉ីណូខ្ញុំ ចំនួន២,០០០ដុល្លារ ជាថ្នូរនឹងការបញ្ឈប់ការចុះផ្សាយព័ត៌មាន នៅទីតាំងចាក់សំរាម និងកន្លែងបង្ហូរទឹក របស់កាស៊ីណូខ្ញុំ។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ទន់ ម៉ូវ អាយុ៤១ឆ្នាំ មុខរបរជាចាហ្វាងសារព័ត៌មាន កំពតដេលី
*ទី២៖ ឈ្មោះ ធី សុផល ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរពិធីការិនី និងជាចាងហ្វាងសារព័ត៌មាន អធិរាជសម្លេងចៅកំសត់
*ទី៣៖ ឈ្មោះ ខ្មៅ មិថុនា អាយុ៣២ឆ្នាំ មុខរបរលក់កាហ្វេ និងជានិពន្ធនាយកសារព័ត៌មានកំពតដេលី។
ក្រោយពីតំណាងអយ្យការបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យភស្តុតាង ព្រមទាំងបានស្តាប់ចម្លើយ ជនសង្ស័យខាងលើ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន៣នាក់ ពីបទកំហែងយក និងបញ្ជូនបន្ដទៅចៅក្រមស៉ើបសួរ ដើម្បីចាត់ការបន្ដតាមច្បាប់៕