(ភ្នំពេញ)៖ លោកបណ្ឌិត ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា អាណត្តិថ្មី បានប្តេជ្ញាបន្តដឹកនាំសហព័ន្ធ ស្របតាមទស្សនវិស័យ និងបេសកកម្ម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស។

ការប្តេជ្ញាចិត្តរបស់លោក ហុង លីម បានធ្វើឡើងនៅក្នុងឱកាស សមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា រៀបចំមហាសន្និបាត និងពិធីប្រគល់បណ្ណសរសើរដល់នាយក/នាយិកាឆ្នើម និងគ្រូឆ្នើមប្រចាំឆ្នាំ២០២៤ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា នៅថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតី ភាពលោកបណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ពិធីនេះក៏មានការចូលរួមពីលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមការងារវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជន លើការងារអប់រំ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានឧត្តមសិក្សានៃកម្ពុជា អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី សហស្ថាបនិក និងទីប្រឹក្សាសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុនម៉េងលី ជេ គួច អេខ្យូខេសិន ឧកញ៉ា ប៉ិច បូឡែន សហស្ថាបនិក និងប្រធានក្រុមទីប្រឹក្សាសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនវេសឡាញ អេឡូខេសិន គ្រុប ព្រមទាំងលោក គង់​ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា អាណត្តិមុន។

នាឱកាសនោះ លោកបណ្ឌិត ហុង លីម បានថ្លែងថា ក្នុងនាមជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមានគ្រឹះស្ថានសិក្សាចំនួន ១៤០ស្ថាប័ន ជាសមាជិក ក្នុងអាណត្តិថ្មីនេះ លោកសូមប្តេជ្ញាចិត្តដូចខាងក្រោម៖

* ១៖ បន្តដឹកនាំសហព័ន្ធ ស្របតាមទស្សនវិស័យ និងបេសកកម្មដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធនានា ក្នុងការអភិវឌ្ឍធនធានមនុស្សដែលប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់អនាគតប្រទេសជាតិកម្ពុជា។

* ២៖ បន្តពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើការងារអប់រំឱ្យមានគុណភាព ដើម្បីបង្កើតមូលធនមនុស្សក្នុងសម័យឌីជីថលតាមតម្រូវការរបស់ប្រទេសជាតិ ព្រមទាំងពង្រឹងចំណេះដឹង និងជំនាញរបស់គ្រូបង្រៀន គ្រូបណ្តុះបណ្តាល និងអ្នកអប់រំទូទៅ ដើម្បីធានាបាននូវគុណភាពធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់។

* ៣៖ បន្តពង្រឹងសាមគ្គីភាព និងកៀរគរសមាជិក ដែលជាស្ថាប័នឯកជន គ្រឹះស្ថានចំណេះទូទៅ អង្គការមិនមែនរដ្ឋាភិបាលឱ្យចូលជាសមាជិករបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ក្រោមរូបភាពសាមគ្គីជាធ្លុងមួយ ក្នុងការចែករំលែកបទពិសោធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកស្ទួយវិស័យអប់រំទាំងមូល។ នេះជាទុនដ៏សំខាន់ ក្នុងការជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានការរីកចម្រើនយ៉ាងប្រសើរ និងក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

* ៤៖ គាំទ្រគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល និងចូលរួមពង្រឹងភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន ដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូរសំខាន់បំផុតក្នុងការបង្កើតការងារ បង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ការលើកកម្ពស់ផលិតភាព និងការពង្រឹងសមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងសកល។

នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរដល់ លោកបណ្ឌិត ហុង លីម ដែលត្រូវបានតែងតាំងជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងអាណត្តិ២០២៥-២០២៧ថ្មីនេះ និងអបអរសាទរដល់នាយក នាយិកាឆ្នើម និងគ្រូឆ្នើមប្រចាំឆ្នាំ២០២៤ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសហព័ន្ធសេវាអប់រំសម្រេចបាននាពេលកន្លងមក ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេស និងបានលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងលើចក្ខុវិស័យនេះបន្តទៀត ក្នុងគោលដៅផ្តល់នូវការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់អ្នកសិក្សា ដើម្បីទទួលបានតុល្យ ភាពរវាងការអភិវឌ្ឍវិជ្ជាសម្បទា កាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទា៕