(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការផ្សព្វផ្សាយនិងតាមដានបន្ត អនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤»។
សិក្ខាសាលានេះរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈ កម្មាធិការ សិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ នាសណ្ឋាគារ ណូវ៉ូថែល រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានការចូលរួម ពីតំណាងព្រឹទ្ធសភា រដ្ឋសភា អង្គទូត ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលនានាហើយភាគីអង្គការសហប្រជាជាតិតំណាងដោយលោក ចូ សូយ័រអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ នៅកម្ពុជា និងលោក បេនចាមីន ម៉ូរ៉ូ តំណាងរងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា ការពិនិត្យជាសកលតាមកាលកំណត់ (UPR) គឺជាយន្តការសិទ្ធិមនុស្សតែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រទេសជាសមាជិក អង្គការសហប្រជាជាតិទាំង ១៩៣ប្រទេស ត្រូវចូលរួមដាក់កំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួននៅចន្លោះពីបួនឆ្នាំកន្លះទៅ៥ម្តង ដើម្បីឱ្យរដ្ឋសមាជិកអង្គការ សហប្រជាជាតិដទៃទៀតពិនិត្យ និងផ្តល់មតិយោបល់ ឬអនុសាសន៍ ដើម្បីធានាថាស្ថានភាពសិទ្ធិមនុស្សក្នុង ប្រទេសទាំងអស់ត្រូវបានលើកយកមកជជែកពិភាក្សានៅចំពោះមុខរដ្ឋដទៃទៀតដោយស្មើៗគ្នា មិនថាប្រទេសធំ ប្រទេសតូច ប្រទេសក្រីក្រ ឬប្រទេស អ្នកមានឡើយក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវស្ថាន ភាពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ តាមរយៈការចែករំលែកគ្នាទៅវិញទៅមកនូវឧត្តមានុវត្តន៍ ក៏ដូចជាការផ្តល់ជំនួយបច្ចេកទេសរវាងរដ្ឋ និងរដ្ឋ ព្រមទាំងភាគីជាដៃគូផ្សេងៗទៀត។
សិក្ខាសាលាថ្នាក់ជាតិនៅថ្ងៃនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីយន្តការ UPR និងខ្លឹមសារនៃអនុសាសន៍ UPR ព្រមទាំងដើម្បីផ្តល់វេទិកាមួយឱ្យគ្រប់ភាគីពាក់ព័ន្ធជជែកពិភាក្សា និងចែករំលែកមតិយោបល់ដើម្បីរួមចំណែកក្នុងការអនុវត្តអនុសាសន៍ ដែលបានទទួលយកឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ។
ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ខ្លឹមសារនៃអនុសាសន៍ដែលបានទទួលយកមកអនុវត្តទាំង ២៣២ភាគច្រើនលើសលប់ គឺជាការជំរុញលើកទឹកចិត្តឱ្យកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត សំដៅធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងជាលំដាប់ ដែលការណ៍នេះបានបង្ហាញ នូវការគាំទ្ររបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការបំពេញកាតព្វកិច្ច សិទ្ធិមនុស្សយ៉ាងសកម្មស្របតាមបទប្បញ្ញត្តិនានានៃលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ និងបរិបទជាក់ស្តែងនៅកម្ពុជា។
ទន្ទឹមនឹងនេះ ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ថាមពល និងបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ព្រមទាំងការដាក់ ចេញកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ ដែលត្រូវបានអនុវត្តនៅចុងឆ្នាំ២០២៣ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការបន្តការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានឆ្លើយតបរួចជាស្រេចទៅនឹងខ្លឹមសារនៃអនុសាសន៍ទាំងអស់ខាងលើហើយក៏បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថារាជរដ្ឋាភិបាលកម្ពុជាពិតជាមានទស្សនៈវិស័យ ដ៏ត្រឹមត្រូវក្នុងការដាក់ចេញគោលនយោបាយ និងកម្មវិធីផ្សេងៗក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ។
លោកបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យ និងបូរណភាពទឹកដី ត្រូវបានការពារយ៉ាងគត់មត់ សន្តិសុខ សណ្តាប់ ធ្នាប់ និងសុវត្ថិភាពសង្គមក៏មានភាពល្អប្រសើរ ហើយសេដ្ឋកិច្ចជាតិសម្រេចបានកំណើនក្នុងរង្វង់ ៦% ដែលកត្តាធំៗទាំងនេះសុទ្ធតែជាបុរេលក្ខខណ្ឌក្នុងការធានានូវការទទួលបាន និងការ ប្រើប្រាស់សិទ្ធិ សេរីភាពជាមូលដ្ឋានកាន់តែប្រសើរឡើងរបស់ប្រជាជនខ្មែរទូទាំងប្រទេស។
ជាងនេះទៀតនៅចុងឆ្នាំ២០២៤ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំអន្តរជាតិធំៗចំនួន៤ ប្រកបដោយភាពជោគជ័យ និងត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតគាំទ្រជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ ព្រមទាំងបានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការនៅចុងឆ្នាំ២០២៩ ខាងមុខនេះ ដែលបានជំរុញ និងលើកតម្កើងកិត្យានុភាពជាតិកម្ពុជាឱ្យកាន់តែរីកសុសសាយថែមទៀត។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី សម្តែងនូវក្តីរំពឹងយ៉ាងមុតមាំថា ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់នឹងផ្តល់នូវការគាំទ្រ និងការសហការល្អក្នុងការ អនុវត្ត អនុសាសន៍ UPR ហើយដាក់ចេញនូវវិធានការ ឬផែនការសកម្មភាព ជាក់លាក់ ឬបញ្ចូលទៅក្នុងផែនការការងារដែលមានស្រាប់ ដើម្បីប្រែក្លាយខ្លឹមសារនៃអនុសាសន៍ទាំងអស់ឱ្យលេចចេញឡើងជារូបភាព ជាក់ស្តែងពោលគឺទទួលបានលទ្ធផលល្អគួជាទីមោទនៈលើគ្រប់វិស័យទាំងអស់ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចសិទ្ធិ មនុស្សអន្តរជាតិ ក៏ដូចជាដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា៕