(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដាក់បញ្ជាឲ្យក្រុមការងារថ្នាក់ខេត្ត/ស្រុក និងកម្លាំងជំនាញ ពេលចុះពិនិត្យទីតាំងដីដែលជនមួយចំនួនធ្លាប់ធ្វើស្រែប្រាំង មានជាង ២០០០ហិចតា ស្ថិតនៅដីព្រៃលិចទឹក នៅចំណុចអាខ្វក់តូច និងអាខ្វក់ធំ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជាមួយការចេញបញ្ជានៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោកបានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអាស្រ័យផលធ្វើស្រែប្រាំងនៅដីតំបន់៣ ដែលបានឆ្វៀលមកតំបន់ពីរហើយ សូមរក្សាឱ្យបានល្អ ហាមជាដាច់ខាតមិនឱ្យបន្ត ការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឃើញសកម្មភាពដែលជនខិលខូចកំពុងតែធ្វើសកម្មភាព អ្វីមួយនៅលើដីតំបន់បីដែលជាដីរបស់រដ្ឋ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ដែលបានខិតខំអស់កម្លាំងកាយចិត្តការពារធនធានធម្មជាតិដោយមិនឲ្យជនណាមួយមកទន្ទ្រានបានតទៅទៀត និងអំពាវនាវឲ្យចូលរួមគ្នាជាធ្លុងមួយ ជាមួយសម្ដេចមហាបវរធិបតី ក្នុងយុទ្ធនាការការពារធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
លោកបញ្ជាក់ថា ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ក្នុងការទប់ស្កាត់ការទន្ទ្រានដីតំបន់៣ នៅជុំវិញបឹងទន្លេសាប ពេលនេះទីតាំងរាប់ពាន់ហិកតាដែលធ្លាប់បានទន្រ្ទានពីពេលមុនបានលេចចេញជាព្រៃលិចទឹក បណ្តើរៗវិញហើយ៕