(តាកែវ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចុះសួរសុខទុក្ខកងទ័ព ដែលកំពុងឈជើងនៅតាមបណ្ដោយព្រំដែនរវាងខេត្តតាកែវ និងខេត្តអាងយ៉ាង របស់ប្រទេសវៀតណាម។
ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសសើរពីវីរៈភាពក្លាហានរបស់កងទ័ព ដែលឈរជើងនៅតាមបណ្ដោយព្រំដែនក្នុងកិច្ចការពារបូរណៈភាពទឹកដីជាមួយប្រទេសជិតខាង។
នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា រាល់បញ្ហាកើតឡើងនៅតាមព្រំដែន យើងមានយន្តការក្នុងការជជែកគ្នាដោះស្រាយតាមរយៈគណៈកម្មាធិការព្រំដែនរវាងកម្ពុជា-វៀតណាម ហើយបើករណីកើតឡើងនៅតាម ព្រំដែនជាមួយថៃ ក៏យើងបានទាក់ទងទៅថ្នាក់ដឹកនាំក្រសួងការពារជាតិថៃ និងគណៈកម្មាធិការព្រំដែនរវាងប្រទេសទាំង២ ដើម្បីដោះស្រាយបញ្ហាផងដែរ៕