(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតជូន លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់លើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល គំនិតផ្តួចផ្តើមរៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យ CDRI ចូលរួមចំណែកជាមួយក្រសួង និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងបច្ចេកវិទ្យាឈានមុខថ្មីៗ (Emerging Technologies) ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងគោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យឌីជីថល៕