(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូកីឡា​គុន​ខ្មែរ​សហរដ្ឋអាមេរិក ដឹកនាំដោយលោក វ៉ា សុធា ប្រធានប្រតិភូនៃស្ថានី​យ​ទូរទស្សន៍ថោនចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅវិមាន​សន្តិភាព។

ក្នុងឱកាសនៃជំនួបនោះ លោក វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍​ថោន​ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាព ក្នុងការរៀប​ចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយទូរទស្សន៍ថោន (TOWN) ដោយ​បានរៀបចំការប្រកួតពី២សង្វៀនក្នុងមួយសប្តាហ៍ កើនដល់ ៦សង្វៀន ក្នុង​មួយសប្តាហ៍ ដែលការរីកចម្រើននេះ គឺកើតចេញអំពីកិច្ចសហប្រតិបត្តិការ​របស់​ស្ថានីយទូរទស្សន៍ថោន (TOWN) ជាមួយនឹងបណ្ដាស្ថាប័នប្រដាល់​អន្តរជាតិនានា នៅតាមបណ្តាប្រទេសមួយចំនួន។

លោក វ៉ា សុធា ក៏បានគោរពជម្រាបជូនសម្ដេចមហាបវរធិបតីផងដែរថា តាម​​រយៈ​ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ​ប្រធាន​ព្រឹទ្ធ​សភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងការដឹកនាំប្រកបដោយចក្ខុវិស័យ​វែង​ឆ្ងាយរបស់សម្ដេចបវរធិបតី ប្រដាល់គុនខ្មែរទទួលបានការគាំទ្រយ៉ាង​ច្រើន​ពី​សំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស និងបានផ្សព្វផ្សាយ​ប្រដាល់​គុនខ្មែរយ៉ាងទូលំទូលាយទៅកាន់ពិភពលោក។

បន្ថែមពីលើនេះ លោក វ៉ា សុធា ក៏បានគោរពរាយការណ៍ជូនសម្ដេចមហា​បវរ​ធិបតី អំពីការត្រៀមរៀបចំការប្រកួតដណ្ដើមខ្សែ​ក្រវាត់តេជោសន្តិភាព​លើកទី៣ រវាងកីឡាករកម្ពុជា និងកីឡាករមកពីសហរដ្ឋអាមេរិក ដែល​នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាបនាពេល​ខាង​មុខ​នេះ ដោយសហការជាមួយនឹងស្ថាប័នប្រដាល់សេរីពិភពលោក (World Championship Kickboxing-WCK) ព្រមទាំង​នឹង​មាន​ការផ្សាយបន្តផ្ទាល់ពីការប្រកួតនេះ​ ទៅកាន់សហរដ្ឋអាម៉េរិកផងដែរ។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វា​គមន៍ ចំពោះគណៈប្រតិភូគុនខ្មែរក៏ដូចជាគណៈប្រតិភូ មកពីស្ថាប័នប្រដាល់​សេរីពិភពលោក (WCK) និង បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះស្ថានីយ៍ទូរទស្សន៍ ថោន (TOWN) ដែលបាន​សហ​ការ​ជាមួយស្ថាប័នប្រដាល់សេរីពិភពលោក (WCK) ក្នុងការរៀបចំការប្រកួត​ដណ្ដើមពានរង្វាន់សម្ដេចតេជោសន្តិភាពលើកទី៣ នៅខេត្តសៀមរាប ដែល​នេះ គឺជាឱកាសមួយដ៏ល្អនៅក្នុងការជំរុញ ការផ្សព្វផ្សាយ និងការលើក​កម្ពស់​ស្មារតីសិល្បៈក្បាច់គុនខ្មែរ ក៏ដូចជាការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់​ពិភព​លោក។

សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីភាពសម្បូរ​បែបនៃ​សិល្បៈ​ក្បាច់​គុនបុរាណខ្មែរ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះស្ថាប័ន​ប្រដាល់​សេរីពិភពលោក (WCK) ដែលបានចាប់អារម្មណ៍ទៅលើសិល្បៈ​គុនបុរាណ​ខ្មែរ ដែលនេះគឺជាវប្បធម៌របស់កម្ពុជា មិនត្រឹមជាសិល្បៈការពារខ្លួន និង​សិល្បៈ​ក្នុងការប្រយុទ្ធប៉ុណ្ណោះទេថែមទាំងជាស្ពានក្នុង​ការកសាង​មិត្តភាព​ផងដែរ។

ទន្ទឹមនឹងនោះ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីការ​យកចិត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រសិល្បៈ​ក្បាច់គុនបុរាណ​ខ្មែរ រួមមាន​ការដាក់បញ្ចូលគុនល្បុកតោ ទៅក្នុងបញ្ជីបេតិកភ័ណ្ឌសម្បត្តិ​វប្ប​ធម៌​អរូបីយ​នៃ​មនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការ និងបានដាក់​យុទ្ធគុន មួយចំនួន ចូលទៅក្នុងវិស័យកងទ័ព ដូចជាគុនល្បុក្កតោ យុទ្ធក្រមខម និង​គុនខ្មែរជាដើម។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា សម្តេចចង់​ឃើញយុទ្ធគុនខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតា​ម​បណ្ដា​ប្រទេសនានាឱ្យកាន់តែច្រើនបន្ថែមទៀត។

សម្ដេចមហាបវធិបតី ក៏បានលើកទឹកចិត្តឱ្យស្ថានីយ៍ទូរទស្សន៍ថោន (TOWN) បន្តសហការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ​ជាមួយ​ស្ថាប័ន​ប្រដាល់សេរីអន្តរជាតិនានា ឱ្យបានកាន់តែច្រើនបន្ថែមទៀត និងបានជូន​ពរ​ឱ្យការរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់សម្ដេចតេជោសន្តិភាពលើកទី៣ នៅខេត្តសៀមរាប ទទួលបានជោគជ័យ៕