(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំសហការីចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតំបន់ទួលតាមុំ ស្ថិតនៅក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
នាឱកាសនោះដែរក្រៅពីការផ្តាំផ្ញេីការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ លោក ហាក់ ម៉ុងហួត បានឲ្យដឹងថា ពេលកន្លងមកទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់ ដែលបង្កឡើងដោយជនខិលខូចមួយចំនួនតូច ដែលមិនស្ដាប់តាមការអប់រំណែនាំរបស់មន្ត្រីជំនាញ ចុះផ្សព្វផ្សាយអប់រំតាមបណ្ដាស ហគមន៍នេសាទនៅគ្រប់មូលដ្ឋាន និងជារៀងរាល់ឆ្នាំ អំពីច្បាប់ស្ដីពីជលផល ពិសេសគឺការនេសាទដោយប្រើប្រាស់នូវឧបករណ៍ស្បៃមុង។
លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់សូមអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញឲ្យបានត្រឹមត្រូវចំពោះការនេសាទ និងសូមកុំប្រើឧបករណ៍ណាដែលច្បាប់ហាមឃាត់ និងសូមអនុវត្តទៅតាមការអប់រំណែរបស់មន្ត្រីជំនាញស្ដីពីជលផល។
មន្ត្រីជំនាញជលផលក៏នឹងចូលរួមសហការជាមួយរាល់បណ្ដាប្រជាពលរដ្ឋ អ្នកសារព័ត៌មាន មន្ត្រីរាជការ ដែលបានសហការ និងផ្ដល់ព័ត៌មានអំពីសកម្មភាពបទល្មើសនេសាទ នៅគ្រប់ពេលវេលា។
បន្ថែមពីនេះដែរក្រៅពីការអំពាវនាវកុំឱ្យមានការនេសាទដោយប្រេីប្រាប់ឧបករណ៍ ខុសច្បាប់ លោក ហាក់ ម៉ុងហួត ក៏បានបន្តរំលឹកដល់ប្រជាពលរដ្ឋ រួមគ្នាអនុវត្តតាមច្បាប់ពាក់ព័ន្ធនឹងដីធ្លី ដោយកុំនាំគ្នារំលោភបំពានលេីដីតំបន់៣ ដែលច្បាប់ហាមឃាត់ នាំមានទោសទណ្ឌដល់ខ្លួនផងដែរ។
ជាមួយគ្នានោះដែរលោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់ទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក ដែលតែងចូលរួមសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល ក្នុងការចុះបង្ក្រាបនូវរាល់សកម្មភាព បទល្មើសនេសាទ ទាំងពេលកន្លងមក និងពេលបច្ចុប្បន្ននេះផងដែរ៕