(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញគំរូពាក្យបណ្តឹងចំនួនពីរ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស នៅក្នុងករណីចាញ់បោកជនខិលខុចលើបណ្តាញសង្គមអនឡាញ ដែលកម្មង់ទិញឥវ៉ាន់ ប៉ុន្តែមិនទទួលបានឥវ៉ាន់ តាមការបញ្ជាទិញ។
នាយកដ្ឋាននគរបាលទេសចរណ៍ បានបញ្ជាក់ថា ករណីប្រជាពលរដ្ឋបានជួបករណីចាញ់បោកជនខិលខូចតាមអនឡាញនេះ សូម Print ពាក្យបណ្តឹងនេះដើម្បីបំពេញ រួចដាក់គ្រុបរបស់នាយកដ្ឋាន។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលទេសចរណ៍ ក៏ជូនដំណឹងឲ្យបងប្អូន អាចទំនាក់ទំនងមកដាក់ពាក្យបណ្តឹងបន្ថែមបាននៅការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរៀងរាល់ម៉ោងធ្វើការ។
បើតាមលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍, ក្រោយព័ត៌មាននៃការចាប់ខ្លួនជនបោកប្រាស់ម្នាក់ដែលបង្កើត Page Facebook ក្លែងក្លាយ ហើយឲ្យគេកម្មង់ទំនិញបង់លុយរួច តែមិនផ្ញើទំនិញឲ្យគេវិញនោះ ស្រាប់តែមានជនរងគ្រោះជាច្រើននាក់ បានធ្វើដំណើរទៅកាន់នាយកដ្ឋានទេសចរណ៍ដោយផ្ទាល់ ដើម្បីដាក់ពាក្យបណ្តឹងករណីឆបោកទាំងនេះ។
តាមការសម្រុកទៅដាក់ពាក្យបណ្តឹងទាំងនេះ បានបង្ហាញថា មានជនរងគ្រោះជាច្រើន បានចាញ់បោកគេតាមអនឡាញ តែពលរដ្ឋខ្លះបានខកបំណង ក្រោយបានដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានជំនាញមួយចំនួន តែមិនមានចំណាត់ការ និងអូសបន្លាយពេលវេលា ទើបពួកគាត់ស្វែងរកការដាក់ពាក្យបណ្តឹងថ្មីឡើងវិញ។