(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា តំណាងធនាគារពិភពលោក និងបណ្ដាមិត្តភក្ដ្របរទេសជាច្រើនទៀត សុទ្ធតែបានមើលឃើញដូចរាជរដ្ឋាភិបាលកម្ពុជា អំពីចំណុចគន្លឹះសំខាន់នៃការអភិវឌ្ឍប្រទេស គឺមិនមានអ្វីសំខាន់ជាងកត្តាធនធានមនុស្សនោះឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ធនាការពិភពលោកដែលជាដៃគូសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣០ឆ្នាំមកនេះ នៅប្រកាសជំហរជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដដែល។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំជួបជាមួយលោកស្រីនាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា វៀតណាម ឡាវ ហើយធនាគារពិភពលោកជាដៃគូរបស់យើង (កម្ពុជា) រយៈពេល៣០ឆ្នាំមកហើយ [...] ធនាគារពិភពលោកក៏មើលឃើញដូចរាជរដ្ឋាភិបាលកម្ពុជា ចំណុចខ្លាំងគ្មានអ្វីខ្លាំងជាងធនធានមនុស្សទេ»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នៅពេលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ តំណាងសភាអាមេរិកកាលពីពេលកន្លងទៅ ក៏មានការជជែកគ្នាអំពីកត្តាធនធានមនុស្សនេះដែរ ហើយទាំងកម្ពុជា និងអាមេរិក ព្រមទាំងបណ្ដាប្រទេសជាច្រើនទៀត សុទ្ធតែមើលឃើញដូចគ្នាអំពីចំណុចគន្លឹះសំខាន់នៃការអភិវឌ្ឍ គឺជាកត្តាធនធានមនុស្ស។

ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកអាទិភាព គន្លឹះចំនួន ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបញ្ចកោណយុទ្ធសាស្ត្រទី ១ ផ្ដោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែល ជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តោត លើអាទិភាពចំនួន៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖

*ទី១៖ ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
*ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស
*ទី៣៖ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន
*ទី៤៖ ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង
*ទី៥៖ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល​ក៏បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពវិធានការ​ចាំបាច់នានា និងកំណត់នូវក្របខ័ណ្ឌសមិទ្ធកម្ម ដែលរួមមាន សូចនាករគន្លឹះគោលដៅ និង វិធីសាស្រ្តវាស់វែងវឌ្ឍនភាព ដើម្បីពង្រឹងគុណភាព​អប់​រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ រហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្ដិសិទ្ធភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម តាមរយៈទី១៖ ការពង្រឹងអភិបាល​កិច្ចសាលារៀន, ទី២៖ ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របទៅតាមតម្រូវការ​ក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និងឥរិយាបថសិស្ស, ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ​ដល់​កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង សហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ដើម្បីការអប់រំ»