(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា សម្ដេចគ្រោងអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ តាមបណ្ដាខេត្តឲ្យបានច្រើន ក្នុងឆ្នាំ២០២៥នេះ ដូចអ្វីដែលធ្លាប់អនុវត្តដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ការលើកឡើងនេះ ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «តិចទៀតខ្ញុំប្រហែលជាចុះជួបលោកគ្រូអ្នកគ្រូច្រើនហើយ ឆ្នាំក្រោយចាំជួបកម្មករកម្មការិនីឡើងវិញ ព្រោះយើងជួបឆ្នាំដំបូងឆ្នាំក្រោយយើងជួបបងប្អូនកម្មករកម្មការិនី ប៉ុន្តែឆ្នាំនេះប្រហែលដើរជួបលោកគ្រូអ្នកគ្រូច្រើនតាមសាលា»

សូមជម្រាបថា សកម្មភាពនៃការចុះជួបមន្រ្តីរាជការនៅតាមបណ្ដាខេត្តនេះ ជាការអនុវត្តតាមនូវគន្លងដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។

កាលពីនៅក្នុងតំណែងជា នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន បានចុះនៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីជ្រាបឲ្យកាន់តែច្បាស់អំពី សុខទុក្ខ តម្រូវការ និងបញ្ហាប្រឈមនៅក្នុងការបំពេញការងារប្រចាំថ្ងៃរបស់មន្រ្តីរាជការ។

បន្ថែមពីនេះ ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្រ្តីរាជការ សម្ដេចបានដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ក៏ដូចជាបំពេញតាមសំណូមពររបស់មន្រ្តីនៅតាមមូលដ្ឋានផងដែរ។ ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដោយផ្ទាល់ទៅកាន់មន្រ្តីរាជការ ដើម្បីពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕