(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំថ្មីរដ្ឋបាលខេត្ត បានជំរុញរដ្ឋបាលស្រុក ក្រុង មន្ទីរ អង្គភាព និងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវចូលរួមកែលម្អសោភ័ណ្ឌភាព តាមរយៈការរៀបចំតុបតែងភ្លើងព័ណ៌ សម្អាតអនាម័យបរិស្ថាន ឱ្យបានស្អាតល្អ គ្មានសំរាម ដើម្បីត្រៀមចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ខាងមុខ។
លោក ខូយ រីដា បានជំរុញបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអភិបាលរងខេត្ត តំណាងអយ្យការ អមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភារជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុង ឃុំសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល នាយក នាយករង ក្នុងក្រុងពោធិ៍សាត់ ប្រមាណ២៥០នាក់។
លោក ខូយ រីដា ថ្លែងថា នៅចំពោះមុខនេះ ខេត្តពោធិ៍សាត់ក៏ដូចបណ្តាខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមមាញឹក ក្នុងការចំតុបតែងលម្អសោភណ្ឌភាព ត្រៀមរៀបចំសង្ក្រាន្ត ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខនេះ។
ក្នុងនាមរដ្ឋបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកសូមឱ្យរដ្ឋបាលស្រុក ក្រុង មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា និងវិស័យឯកជន ត្រូវសហការអនុវត្តរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់គ្រប់គោលដៅ បង្កលក្ខណៈសម្រាប់ការកម្សាន្តសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ទាំងក្នុងទីវត្តអារាម សាលារៀន ទីសាធារណៈ ត្រូវតែតុបតែងភ្លើងព័ណ៌ លាបថ្នាំកាន់ស្រស់ស្អាត ជាកិត្តិយសរបស់ខេត្តយើង។
ដើម្បីទទួលបាននូវចំណាត់ការនោះ លោកបានដាក់ចេញនូវផែនការ និងទិសដៅមួយចំនួន ជូនដល់រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរអង្គភាព និងគ្រឹះស្ថានសិក្សា រួមមាន៖
ទី១៖ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីរួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ
ទី២៖ គ្រប់សាលារៀន គ្រឹះស្ថានអប់រំសិក្សា ស្រុក ក្រុង និងមន្ទីរត្រូវសម្អាតអនាម័យបរិស្ថាន ឱ្យបានស្អាតល្អគ្មានសំរាម
ទី៣៖ ក្នុងដែនសមត្ថកិច្ច ឃុំ សង្កាត់ ស្រុក ក្រុង នីមួយៗត្រូវតែស្អាត
ទី៤៖ អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋរបស់ខ្លួន ឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកចោលសំរាមតាមទីសាធារណៈ តាមដងផ្លូវ និងអនុវត្តឱ្យបានគោលដៅ ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់គឺគ្មានសំរាម និងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ សម្រាប់ឆ្នាំ២០២៦
ទី៥៖ ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវរៀបចំព្រឹត្តការណ៍សង្ក្រាន្ត មន្ទីរអង្គភាពរៀបចំតុបតែងលម្អភ្លើង និងសម្អាតអនាម័យ
ទី៦៖ ផ្សព្វផ្សាយគោលនយោបាយ ព្រមទាំងសមិទ្ធផលសម្រេចបាន របស់រាជរដ្ឋាភិបាល ការអភិវឌ្ឍន៍លើគ្រប់វិស័យ
ទី៧៖ លើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
ទី៨៖ ទប់ស្កាត់ឱ្យបានបទល្មើសផ្សេងៗ ដូចជាបទល្មើសចោរលួច ចោរឆក់ ចោរប្លន់ ក្មេងទំនើង និងគ្រឿងញៀន
ទី៩៖ អាជ្ញាធរស្រុក ក្រុង ត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ
ទី១០៖ ពង្រឹង និងអនុវត្តការងារ នៅតាមមន្ទីរអង្គភាព ជំរឿនមន្ត្រីរាជការ ជនបរទេស និងជនបែនអន្តោប្រវេសន៍ ជលយានយន្ត
ទី១១៖ មន្ទីរអង្គភាព រដ្ឋបាលស្រុក ក្រុង ត្រូវរកវិធីសាស្ត្របង្កើតព្រឹត្តការណ៍ល្អៗ ដូចជាត្រៀមជួបសំណេះសំណាល ជាមួយនិវត្តន៍ជន ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងត្រៀមថវិកា១០០លានរៀល ចូលមូលនិធិគន្ធបុប្ផាខាងមុខនេះ។
គួររំលឹកថា ផ្អែកតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត ប្រចាំខែមីនា ឆ្នាំ២០២៥ គឺបទល្មើសព្រហ្មទណ្ឌកើតឡើង១២លើក ក្នុងនោះបទឧក្រិត ៥លើក និងមជ្ឈឹម៧លើក បង្ក្រាបបទល្មើសគ្រឿងញៀន១៥លើក, ល្បែងស៊ីសង៣លើក, ក្មេងទំនើង១០លើក គ្រោះថ្នាក់ចរាចរណ៍២លើក, គ្រោះថ្នាក់សង្គម២លើក និងចុះស្រង់ស្ថិតិភ្ញៀវទេសចរណ៍ជាតិ បានចំនួន៨៦,៥១១នាក់ និងភ្ញៀវអន្តរជាតិ ចំនួន១២៦២នាក់ និងបានផ្តល់ជូនបណ្ណសរសើរ និងអមដោយថវិកា ជូនដល់ឃុំ សង្កាត់ និងនគរបាលប៉ុស្តិ៍ ដែលមានស្នាដៃល្អនាពេលនោះផងដែរ៕